នារីម្នាក់​ស្រែកផ្អើល​អ្នកភូមិឲ្យជួយចាប់បុរសម្នាក់ ក្រោយ​ប្រព្រឹត្ត​បែបនេះ​ដាក់នាង​

  • ព្រហស្បតិ៍ ០៥ កញ្ញា, ២០១៩ ១៦:៣៩
រាជធានី​ភ្នំពេញ ៖ យុវជន​សង្ស័យ​ម្នាក់​បាន​ប្រើ​កូនកាំបិត​មុខ​ពីរ​១​ដើម​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​គម្រាម​ចាក់​សម្លាប់​ស្ត្រី​ដែល​ជា​បុគ្គលិក​ណេ​ត​២៤​ម៉ោង​ម្នាក់​ទាំង​ព្រឹក ដើម្បី​ប្លន់​យក​លុយ​បាន​ជិត​៤​លាន​រៀល ប៉ុន្តែ​ពេល​ប្លន់​បាន​ហើយ រួច​រត់គេច​ខ្លួន ក៏​ត្រូវ​នារី​រង​គ្រោះ​ស្រែ​កថា​«​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន​ប្រគល់​ជូន​នគរបាល​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ណេ​ត​២៤​ម៉ោង ផ្ទះ​លេខ​១​អឺ​សូន្យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ផូ លាង​ហា​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​មិត្តភក្ដិ​ម្ដុំ​សួន​ឧស្សាហកម្ម​ការ​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ផ​ន ស្រី​ពេជ្រ អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ណេ​ត​២៤​ម៉ោង និង​ស្នាក់​នៅផ្ទះ​ណេ​ត​ខាងលើ ហើយ​លុយ​ដែល​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​នោះ​មាន​ចំនួន​១.២០០.០០០​រៀល​និង​៥០​ដុល្លារ​។តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​នារី​រង​គ្រោះ​កំពុង​ដេក​តែ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ឱប​រួច​ហើយ​ដក​កូនកាំបិត​ពី​ចង្កេះ​ភ្ជង់​និង​គំរាម​ចាក់​សម្លាប់​ដោយ​បង្ខំ​ឲ្យ​នារី​រង​គ្រោះ​ប្រមូល​លុយ​ឲ្យ​ខ្លួន​។តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ពេល​នោះ​ដោយសារ​តែ​ខ្លាច​ជនសង្ស័យ​ចាក់​សម្លាប់ នារី​រង​គ្រោះ​បាន​យក​កូនសោរ​ចាក់​យក​លុយក្នុង​ថតទូ​ឲ្យ បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់​ចេញ​ក្រៅ ភ្លាម​ៗ​នោះ​នារី​រង​គ្រោះ​ក៏​បាន​រត់​ចេញ​តាម​និង​ស្រែ​កថា​«​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន រួច​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ប្រគល់​ឱ្យ​នគរបាល​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ហើយ​សមត្ថកិច្ច​ក៏បានដកហូតប្រាក់ពី​ជនសង្ស័យយកទៅ​ប្រគល់​​ឱ្យ​​នារីរងគ្រោះវិញផងដែរ ៕