ហាមមិនឱ្យរថយន្តធំ ឆ្លងកាត់ផ្លូវលេខ៧៣ ពីក្រចេះទៅឆ្លូង ដោយសារកម្ពស់ទឹកទន្លេមេគង្គ ឈានដល់កម្រិតប្រកាសអាសន្ន

  • សុក្រ ០៦ កញ្ញា, ២០១៩ ០៨:០៩
(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះរថយន្តធុនធំ ផ្ទុកទម្ងន់លើសពី១០តោន មិនឱ្យឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧៣ ពីស្រុកឆ្លូង ទៅទីរួមខេត្ត្តក្រចេះ ដោយសារទឹកកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្លាំងឈានដល់កម្រិតប្រកាសអាសន្ន និងពៀបកំណាត់ផ្លូវមួយខ្សែនេះ។នៅក្នុងលិខិតប្រកាសព័ត៌មានដែលអង្គភាពព័ត៌មានទទួលបាននៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបញ្ជាក់ថា ការផ្អាកនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងការពារតួផ្លូវកុំឲ្យរងការខូចខាតធ្ងន់ធ្ងរ។បើតាមលោក វ៉ា ថន ការផ្អាកនេះត្រូវធ្វើរហូតដល់ពេលទឹកស្រកមានស្ថានភាពល្អប្រសើរឡើងវិញ។ សូមបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃនេះ ជំនន់ទឹកទន្លេមេគង្គកំពុងហក់ឡើងខ្លាំង ហើយកំពុងជន់លិចតំបន់មួយចំនួននៅខេត្តតាមដងទន្លេមេគង្គផងដែរ៕