ក្រុមវាយប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មនៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន៧នាក់ នៅខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យធ្លាប់ធ្វើសកម្មភាពសម្រេច ១៣លើក

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៣:១៦
(ភ្នំពេញ)៖ ក្រុមចោរឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ និងវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មភាព នៅម្ដុំអាកាសយានដ្ឋានហោះអន្ដរជាតិភ្នំពេញ និងម្ដុំចោមចៅត្រូវកម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន៧នាក់។ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្បែរបាល់ទាន់ Happy Sport Club ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដើមចមដែលធ្វើឲ្យសមត្ថកិច្ចឈានដល់ការបង្ក្រាបនេះ ផ្ដើមចេញពីការធ្វើសកម្មភាពចុងក្រោយរបស់ក្រុមជនសង្ស័យ ដោយឆក់ទូរស័ព្ទនារីរងគ្រោះម្នាក់ឈ្មោះ រើន ដាពីន ដែលកំពុងជិះម៉ូតូតាមផ្លូវ នៅមុខអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់យកទៅនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យពិសេសកម្លាំងអន្ដរាគមន៍ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានបើកការស្រាវជ្រាវភ្លាមៗ រហូតកំណត់ទីតាំងដែលជនសង្ស័យលាក់ខ្លួន និងស្គាល់ភិនភាគជនសង្ស័យ ដែលជាមុខសញ្ញាចាស់ទើបឈានដល់ការឃាត់ខ្លួនតែម្ដង។អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលឃាត់ខ្លួន បានចំនួន៧នាក់ រួមមាន ទី១៖ឈ្មោះ សោម រ៉ាដូ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ វ៉ាត ចាន់វិថី អាយុ២០ឆ្នាំ, ទី៣៖ឈ្មោះ ជា សាន់ឌី អាយុ២២ឆ្នាំ, ទី៤៖ឈ្មោះ សិដ្ឋ ពិសាល អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ យ៉េន រ៉នពិសិដ្ឋ អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ ស្ដើង វិចិត្រ អាយុ២១ឆ្នាំ និងទី៧៖ឈ្មោះ ម៉ន ស្រីនាង អាយុ២១ឆ្នាំ។លោកអធិការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចរបស់លោកដកហូតបាន ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone XS Max ពណ៌មាសជារបស់ជនរងគ្រោះ ឈ្មោះ រើន ដាពីន ដែលជនសង្ស័យធ្វើសកម្មភាពឆក់ នៅមុនអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩, ម៉ូតូ២គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HC-0700 និងម៉ូតូម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-4957 (ជាមធ្យោបាយធ្វើសកម្មភាព)។យោងតាមការសាកសួរជំហ៊ានដំបូងរបស់កម្លាំងសមត្ថកិច្ចជំនាញ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេធ្លាប់ធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ និងវាយប្លន់យកម៉ូតូ បានសម្រេចចំនួន១៣លើក ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល កាលពីពេលកន្លងទៅ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕