ញាក់សាច់!! មួយជើងរបស់ សៀង ចន្ធា យប់មិញធ្វើឲ្យទស្សនិកជន ងើបពីកៅអីគ្រប់គ្នា (មានវីដេអូ)

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៤:០១
ភ្នំពេញ៖ នៅក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 រវាង កម្ពុជា និង ហុងកុង កាលពីម្សិលមិញ គេសង្កតឃើញមានការចូលលេងពីសំណាក់យុវជនវ័យក្មេងកំពុងលេចធ្លោរបស់កម្ពុជា កីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា ក្រោយផ្លាស់ប្ដូរចូលក្នុងវគ្គទីពីរជំនួសកីឡាករ ហូយ ផល្លីន នៅនាទី៥៧។ក្រោយការផ្លាស់ប្ដូរចូល សៀង ចន្ធា បានមានឱកាសគ្រប់គ្រងបាល់បានច្រើន ជាក់ស្ដែងនៅនាទី៧៥ ខ្សែប្រយុទ្ធមកពីខេត្តកោះកុងរូបនេះ បានបង្កើតឱកាសក្នុងការរកគ្រាប់បាល់ តាមរយៈការអូសបាល់ពីពាក់កណ្ដាលតារាង និងញាក់ដាច់ខ្សែការពារហុងកុង ស៊ុតផុតដៃអ្នកចាំទី ប៉ុន្តែទៅប៉ះចំនឹងបង្គោលទី ហើយលងចេញ។ មួយជើងរបស់សៀង ចន្ធា នាពេលនោះបានធ្វើឲ្យអ្នកគាំទ្រដែលទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ ងើបពីកៅអីគ្រប់គ្នា។
កីឡាករ សៀង ចន្ធា ជាមួយនិងកីឡាករហុងកុង (រូបភាព: FFC)
យ៉ាងណាមិញ ក្រោយចប់ការប្រកួត ៩០នាទី ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាក្នុងលទ្ធផល ១-១។ គួរបញ្ជាក់ផងដែរថា ការប្រកួតទីពីររបស់កម្ពុជា នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃអង្គារ៍ ទី១០ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាទីល្ងាច ខណៈសំបុត្រចូលទស្សនាកំពុងតែដាក់លក់នៅបញ្ជោរខាងមុខពហុកីឡដ្ឋានជាតិ៕ចង់ឃើញថាការស៊ុតមួយជើងនោះរបស់ ចន្ធា យ៉ាងណាសូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖