មកស្គាល់ App ដ៏ល្បីមួយ អនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរមុខជាមួយតួអង្គដ៏ល្បីនៅក្នុងរឿងបានជាច្រើន (មានវីដេអូ)

ចិន៖ មនុស្សម្នាមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅនឹងកម្មវិធីផ្លាស់ប្តូរមុខមាត់មួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរមុខមាត់ជាមួយតួអង្គដ៏ល្បីនៅក្នុងរឿងបានដល់ទៅ ៣០វិនាទី។យោងតាមប្រភពបានឱ្យដឹងថា កម្មវិធីដ៏អស្ចារ្យនេះមានឈ្មោះថា Zao ដែលវាគឺជា App ដ៏ល្បីមួយ ប្រើប្រាស់បច្ចេកវិទ្យា AI អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងឡើយ ធ្វើការផ្លាស់ប្តូរមុខមាត់ជាមួយតួអង្គ ឬតារាដ៏ល្បីជាច្រើនបានយ៉ាងងាយស្រួល។
Zao
Zao
លក្ខណៈពិសេសរបស់វាគឺថា វាអនុញ្ញាតឱ្យយើងធ្វើការផ្លាស់ប្តូរមុខមាត់ជាមួយតារា ឬតួឯកនៅក្នុងរឿងជាលក្ខណៈរូបភាពប្រភេទ GIF ឬក៏វីដេអូបានដល់ទៅជាង ៣០វិនាទី។ជាក់ស្តែង មានបុរសម្នាក់បានធ្វើការផ្លាស់ប្តូរមុខមាត់ជាមួយលោក Leonardo DiCaprio ដោយប្រើពេលត្រឹមតែ ៨វិនាទីប៉ុណ្ណោះ ហើយរូបគេអាចបំពេញក្តីស្រមៃដែលបង្ហាញខ្លួននៅក្នុងរឿង Titanic បានយ៉ាងងាយស្រួល។
ការផ្លាស់ប្តូរមុខមាត់ដោយប្រើប្រាស់កម្មវិធី Zao
បន្ថែមពីនេះទៀត បច្ចុប្បន្ននេះ App មួយនេះកំពុងតែល្បីជាខ្លាំងនៅក្នុងប្រទេសចិន ដែលមានមនុស្សម្នាជាច្រើនបានធ្វើការទាញយកកម្មវិធីនេះយកទៅប្រើប្រាស់ជាហូរហែ ដោយគ្រាន់តែរយៈពេល ២ថ្ងៃប៉ុណ្ណោះ កម្មវិធីនេះបានជាប់លេខមួយ ជាកម្មវិធីដែលមានគេទាញយកទៅប្រើប្រាស់ច្រើនបំផុតនៅក្នុង App Store ក្នុងប្រទេសចិន។
ការផ្លាស់ប្តូរមុខមាត់ដោយប្រើប្រាស់កម្មវិធី Zao
យ៉ាងណាមិញ ជុំវិញទៅនឹងការប្រើប្រាស់កម្មវិធីនេះ ក៏មានអ្នកជំនាញសម្តែងការព្រួយបារម្ភទាក់ទិនទៅនឹងបញ្ហាសិទ្ធិឯកជន និងប្រព័ន្ធសុវត្ថិភាពនានាផងដែរ ព្រោះនៅក្នុងប្រទេសចិន មានមនុស្សម្នាជាច្រើនប្រើប្រាស់សេវា Alipay ដែលអនុញ្ញាតឱ្យពួកគេគ្រាន់តែធ្វើការស្កេនមុខតែប៉ុណ្ណោះ សម្រាប់ការទូទាត់នានានៅក្នុងប្រទេស។គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ កម្មវិធី Zao អាចប្រើប្រាស់បានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់ប្រិយមិត្តទាំងឡាយដែលមានបំណងចង់ទាញយកកម្មវិធីនេះយកទៅប្រើប្រាស់ ត្រូវរង់ចាំការ Update នានារបស់អ្នកអភិវឌ្ឍន៍កម្មវិធីសិន៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖