កីឡាករក្លិប Barcelona ម្នាក់ជាឧបសគ្គរបស់ Neymar វិលត្រឡប់មកកាន់ទឹកដី Camp Nou

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៥:៥០
អេស្ប៉ាញ៖ ការប្តេជ្ញាចិត្តរបស់កីឡាករ Ousmane Dembele ក្នុងការស្នាក់នៅ Barcelona នារដូវក្តៅនេះ ហើយមិនចូលរួមជាមួយក្រុម Paris Saint-Germain គឺជាកត្តាសំខាន់ដែលធ្វើអោយ Neymar ខកខានក្នុងការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ។
យោងទៅតាមការចុះផ្សាយរបស់អេស៉្បាញ AS ដែលបានបញ្ជាក់ថាខណៈពេលដែល Dembele មានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកក្រុម PSG លោក Thomas Tuchel ដែលធ្លាប់ធ្វើការជាមួយគ្នាកាលនៅ Borussia Dortmund ក៍ដោយ តែសមាជិកបារាំងដែលឈ្នះពានរង្វាន់ World Cup រូបនេះមានការស្ទាក់ស្ទើរក្នុងការបោះបង់ចោលកន្លែងនៅក្លិបក្នុងក្តីសុបិនរបស់គាត់ដែលទើបតែស្នាក់នៅបានពីរឆ្នាំប៉ុណ្ណោះ។ Dembele រងរបួសច្រើនចាប់តាំងពីការផ្លាស់ប្តូរពី Dortmund និងបានមើលឃើញថាកន្លែងរបស់គាត់គឺគ្រប់គ្រងដោយខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez ។
បើទោះបីឱកាសផ្លាស់ទៅទីក្រុងប៉ារីសមានភាគរយច្រើន ហើយ Barca មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក Neymar ត្រឡប់មកវិញក៏ពិតមែន តែ Dembele បានផ្ញើសារទៅកាន់ Barca ថាគាត់ចង់រួមរស់ជាមួយក្លិបបន្តទៀត និងតស៊ូព្យាយាមដណ្ដើមកៅអី១១នាក់ដំបូងរបស់គាត់មកវិញ៕ប្រភព៖ Mirror