ភ្ញាក់ផ្អើល! ក្រោយចាប់បានសត្វសមុទ្រដ៏សែនចម្លែក មានរូបរាងសេញសាញរវីរវាមដូច «អេលាន» គួរឲ្យខ្លាច! (មានវីដេអូ)

អាមេរិក៖ អ្នកនេសាទម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចាប់បានសភាវៈមានជីវិតមួយ ចេញពីឆ្នេរសមុទ្រនាដែនកោះ Prince of Wales Island ក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក មានរូបរាងសេញសាញរវីរវាមដូច «អេលាន» យ៉ាងគួរឲ្យខ្លាច។
បើតាមប្រភពបានឲ្យដឹងថា រូបភាព ក៏ដូចជាវីដេអូឃ្លីប សត្វចម្លែកមានរូបរាងដៃរវីរវាមស្មុគស្មាញមើលមិនយល់ ហាក់បីដូចជាសរសៃឈាម មានពណ៌ទឹកក្រូចនេះ ត្រូវបានថតបង្ហោះចែកចាយលើបណ្តាញសង្គម និងបង្កជាការភ្ញាក់ផ្អើល ដោយអ្នកនេសាទឈ្មោះ លោក Sarah Vasser-Alford ។ លោក Sarah បានបង្ហោះវីដេអូនេះ តាំងតែពីចុងខែមុនមកម៉្លេះ ដោយទទួលបានអ្នកចុចមើលខ្ទង់ជាង ១លានដងឯណោះ។ នៅក្នុងនោះគេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការភ្ញាក់ផ្អើល ព្រោះអាចចាត់ទុកបានថា ជាទីលើក១ហើយ ដែលពួកគេបានឃើញបែបនេះ ខណៈអ្នកខ្លះបានយល់ឃើញថា វាទំនងជា អេលាន។ ឯខ្លះទៀតថា វាអាចជា ផ្កាថ្មរស់ ផងដែរ។ បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងចម្ងល់ខាងលើនេះ ប្រភពបានឲ្យដឹងថា សត្វដែលមានរូបរាងចម្លែកនេះ គឺជា Basket Star ដែលស្ថិតនៅក្នុងក្រុមអេកូណូដូម (Echinoderm) ឬពពួកផ្កាយសមុទ្រម្យ៉ាង ដែលគេហៅថា Brittle Stars មានរាងដូចថាសឌីស និងមានដៃសេញសាញច្រើន (ចំនួន៥) ។
តាមការឲ្យដឹងពីលោក Sarah បាននិយាយថា សត្វចម្លែកនេះត្រូវបានចាប់បាន គឺនៅពេលដែលរូបលោក មិត្តភក្តិ រួមនឹងម្តាយរបស់លោក បាននាំគ្នាចេញទៅស្ទូចត្រី។ ពេលនោះសត្វចម្លែកនេះ ក៏ស្រាប់តែជាប់សន្ទូចម្តាយរបស់លោកតែម្តង។ ក្រោយមក លោកគ្រាន់តែចាប់វាថត រួចព្រលែងវាចូលទៅក្នុងទឹកវិញផងដែរ។  គួរឲ្យដឹងផងដែរថា ពពួកផ្កាយសមុទ្រប្រភេទនេះ ត្រូវបានគេដឹងថា អាចធំធាត់ ឬរីកប្រវែងដល់ទៅ ៣ហ្វីត (ឬប្រហែលជា ៩១សង់ទីម៉ែត្រ) ហើយជាធម្មតាពួកវារស់នៅក្នុងជម្រៅទឹកជ្រៅ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖
រូបតំណាងBasket Star