អ្នក​ឈ្នះ​ដេក​ទ្រុង​អ្នក​ចាញ់​ដេកពេទ្យ រឿង​ជម្លោះ​គ្នា​តាម​វិទ្យុទាក់ទង

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ០៨:០៨
ខេត្តកណ្តាល ៖ ករណី​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ឡើង​ដោយ​ការ​ឈ្លោះ​គ្នា​តាម​វិទ្យុទាក់ទង ណាត់ជួប​គ្នា​បង្ក​ជា​ជម្លោះ អ្នក​ឈ្នះ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ អ្នក​ចាញ់​ដេកពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ នៅ​ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ម៉ាង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ វាល​ថ្មី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។
ជនសង្ស័យ​ឈ្មោះ ឆឹង កាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ វាល​ថ្មី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។ នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ាង សុ​ភ័​ណ្ឌ បាន​និយាយ​វិទ្យុទាក់ទង​លេង​ជាមួយ​ឈ្មោះ ទួន ភេទ​ប្រុស នៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត និង​បាន​បបួល​គ្នា​មក​លេង​ផ្ទះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ភ្នំ​បាត ក្នុង​ពេល​នោះ​ដែរ ជនសង្ស័យ​បាន​និយាយ​វិទ្យុទាក់ទង (​អាយ​កូ​ម​) ហៅ​ទៅ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន ភេទ​ប្រុស នាម​អាយ​កូ​ម (​ដើម​ពោធិ៍​៣) ហើយ​បាន​ទាក់​ពាក្យ​សម្ដី​មាន​ទំនាស់​គ្នា​តាម​អាយ​កូ​ម ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ម៉ាង សុ​ភ័​ណ្ឌ និង​បាន​ណាត់ជួប​គ្នា​នៅផ្ទះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន បន្ទាប់​មក​ជន​រង​គ្រោះ បាន​មក​ដល់​ផ្ទះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន បាន​មុន បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន មក​ដល់ទី​នោះ​ដែរ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​កាំបិត​ផ្គាក់​ចំនួន​០១​។
ភ្លាម​នោះ​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ កាន់​កាំបិត​ផ្គាក់​ដើរ​សំដៅ​មក​រក​ជន​រង​គ្រោះ ដោយ​និយាយ​ថា​៖ អញ​កាប់​ហ្អែ​ង​ឲ្យ​ងាប់​អញ​គុំ​ហ្អែ​ង យូរហើយ ឃើញ​ដូច្នេះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន បាន​ស្ទុះ​មក​ចាប់​កាំបិត​ផ្គាក់​ពី​ជនសង្ស័យ យក​ទៅ​ទុក ក្នុង​ខណៈនោះ​ដែរ​ជនសង្ស័យ​បាន​ដក​យក​កូនកាំបិត​បត់ (​ដែក​) ពី​ក្នុង​ហោប៉ៅ​ខោ​ខាងស្ដាំ​ចាក់​ទៅ​លើ ជន​រង​គ្រោះ​ចំ​កញ្ចឹងក​ខាងឆ្វេង ០១​កាំបិត និង ចាក់​ចំ​ឆ្អឹងជំនី​ខាងឆ្វេង ០១​កាំបិត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ហូរ​ឈាម​ដួល​សន្លប់ ភ្លាម​នោះ​ដែរ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ ពេទ្យ​បង្អែក ស្រុក​ពញាឮ​។លុះ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​មក ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំ​បាត​បន្ទាប់​កម្លាំង​ប៉ុស្តិ៍​ភ្នំ​បាត​បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​កាន់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ តាម​នីតិវិធី៕