ផ្អាករថយន្តធ្វើចរាចរណ៍ឆ្លងកាត់ស្ពានទួលរកា ពីកំពង់ចាម ទៅក្រចេះ នៅស្រុកស្ទឹងត្រង់ ក្រោយគំរាមកំហែងពីជំនន់ទឹកភ្លៀង

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៣:១១
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានផ្អាកមិនឲ្យរថយន្តធ្វើចរាចរណ៍លើស្ពានទួលរកា ក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់ពីស្ពាននេះ បានបាក់អស់សសរ ១ដើម កាលពីម្សិលមិញ ក្រោយរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ អាជ្ញាធរមូលដ្ឋានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានជន់ហូរខ្លាំងបណ្តាលឲ្យស្រុតស្ពាន ទួលរកាបាក់សរសរអស់១ដើមតែម្តង។ផ្តើមចេញពីហេតុការណ៍នេះ ភ្លាមៗអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី មន្ទីរ ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យសិក្សា ដើម្បីជួសជុលស្ពាននោះឡើងវិញ។ ទន្ទឹមនឹងនេះ អាជ្ញាធរអនុញ្ញាតឲ្យអ្នកថ្មើរជើង និងអ្នកបើកទោចក្រយាន្តឆ្លងកាត់ ប៉ុន្តែចំពោះរថយន្តត្រូវឲ្យផ្អាកធ្វើចរាចរណ៍មួយរយៈសិន ចៀសវាងបាក់ស្រុតស្ពានបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។សូមបញ្ជាក់ថា ស្ពានទួលរកានេះ ជាស្ពានបាឡេ មានប្រវែង៩៥ ម៉ែត្រ ហើយប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះបានផងដែរ៕