ក្រសួងអប់រំ៖ ដំណើរការបូក និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡងបាក់ឌុប សម្រេចបាន១០០%ហើយ ខណៈការប្រកាសលទ្ធផលធ្វើឡើងមុនការគ្រោងទុក

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ០៧:៤៣
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រេចបាន១០០ភាគរយហើយ។លោកបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលមុនការគ្រោងទុក។ លទ្ធផលនឹងមានប្រកាស ជូននៅថ្ងៃទី០៩ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់បណ្ដាខេត្តផ្សេងៗ។ លទ្ធផលក៏នឹងមានផ្សាយជូន តាមបណ្តាញសង្គមFacebookផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូលរួមគោរពបទបញ្ញត្តិមានជាធរមាននានា។សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនប្រក្រតីធំដុំ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងដំណើរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហាកន្លងទៅនេះ បេក្ខជនអវត្តមានសរុបចំនួន១,៨៣៨នាក់ ស្រី៦៩៦នាក់ ត្រូវជា១.៥៧ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប៕