ឃោរឃៅ! ស្ត្រីម្នាក់ ចាប់កូនប្រុសចិញ្ចឹមដាក់ច្រវ៉ាក់ជារៀងរាល់ថ្ងៃ មុនពេលខ្លួនចេញទៅធ្វើការ

  • អាទិត្យ ០៨ កញ្ញា, ២០១៩ ០៩:៤៧
អ៊ុយក្រែន៖ ថ្មីៗនេះ ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយពីដឹងថានាងបានចាប់កូនប្រុសចិញ្ចឹមដាក់ច្រវ៉ាក់ជារៀងរាល់ថ្ងៃ មុនពេលចេញទៅធ្វើការ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន។ប្រភពបានឲ្យដឹងថា ស្ត្រីឈ្មោះ Anna Zhitnik អាយុ៥៦ឆ្នាំ មានតួនាទីជានាយកសាលាមួយកន្លែង។ សព្វថ្ងៃនេះ អ្នកស្រីបានទទួលយកក្មេងកំព្រាចំនួន៣នាក់មកចិញ្ចឹម ដែលមានអាយុ ៤ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ រូបភាពខាងក្រៅ អាចនឹងបង្ហាញឲ្យឃើញថា អ្នកស្រី​ជាអាណាព្យាបាលដែលល្អសម្រាប់ក្មេងៗ ប៉ុន្ដែធាតុពិតត្រូវបានលាតត្រដាង ក្រោយពីកូនម្នាក់ក្នុងចំណោមកូនចិញ្ចឹមទាំងបី បានទៅប្រាប់អ្នកជិតខាងថា អ្នកស្រីជាម្ដាយឃោរឃៅ តែងតែដាក់ទោសកូនៗជានិច្ច និងចាប់កូនប្រុសដែលមានអាយុ៨ឆ្នាំ ដាក់ច្រវ៉ាក់ជារៀងរាល់ថ្ងៃមុនពេលចេញទៅធ្វើការ។
ក្មេងប្រុសរងគ្រោះ
ច្រវ៉ាក់
ប្រភពបានបន្ដថា ក្រោយពីដឹងអំពើឃោរឃៅរបស់អ្នកស្រី Anna Zhitnik រួចមក អ្នកជិតខាងម្នាក់នោះបានទូរស័ព្ទទៅប្ដឹងប៉ូលិស។ ប៉ូលិសក៏បានចាត់វិធានការភ្លាមៗចុះទៅដល់ផ្ទះអ្នកស្រី Anna Zhitnik ទើបប្រទះឃើញ ក្មេងប្រុសកំពុងអង្គុយដោយ .កជាប់ច្រវ៉ាក់ និងរុំក្រណាត់ជុំវិញភ្នែកទៀតផង។ បន្ទាប់មក ក្មេងៗទាំងបីត្រូវបានប៉ូលិសនាំចេញពីផ្ទះ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌលថែទាំកុមារវិញ។
ក្មេងៗនៅក្នុងមជ្ឈមណ្ឌល
យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនអ្នកស្រី Anna Zhitnik និងឃុំទុកបណ្ដោះអាសន្នចំនួន២ខែ ដើម្បីរង់ចាំការកាត់ទោសនៅតុលាការនាខែវិច្ឆកាខាងមុខនេះ។ អ្នកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ១០ឆ្នាំទៀតផង។ យើងរង់ចាំមើលលទ្ធផលនឹងទៅជាយ៉ាងណា៕
អ្នកស្រី Anna Zhitnik