ព័ត៌មានលម្អិត៖ កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប ការបង្ខំាំងមនុស្សនៅក្នុងកាស៊ីណូ «មេចេស្ទី» ខេត្តព្រះសីហនុ, ជនបង្ក និងជនរងគ្រោះជាចិនដូចគ្នា

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ០៨:៣០
(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងមនុស្ស នៅក្នុងកាស៊ីណូ «មេ​ចេស្ទី» ដែលជនបង្ក និងជនរងគ្រោះជាជនជាតិចិនដូចគ្នានោះ កម្លាំងនគរបាលរបស់លោកបានឃាត់សរុបចំនួន១៦រូប ក្នុងនោះជនបង្កមានចំនួន៣នាក់។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅមុខកាស៊ីណូ «មេចេស្ទី» ស្ថិតនៅចំណុចក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន ០២ក្រុម កំពុងតែវាយប្រតាយប្រតប់គ្នា។ភាគីម្ខាងដែលជាក្រុមរបស់កាស៊ីណូ «មេចេស្ទី» មានប្រដាប់ដោយកាំភ្លើងខ្លី បានចាប់ភាគីម្ខាងទៀតចូលទៅខាងក្នុងកាស៊ីណូ «មេចេស្ទី»។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ ក៏បានសុំអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូលខេត្តព្រះសីហនុ ដើម្បីធ្វើកិច្ចប្រតិបត្តិការ។បើតាមលោកស្នងការ ជាលទ្ធផល ពេលដែលកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចូលទៅខាងក្នុងកាស៊ីណូ «មេចេស្ទី» ក៏បានឃើញជនជាតិចិន ០៤នាក់ ប្រុសៗ ត្រូវបានក្រុមជនសង្ស័យ វាយខ្នោះទៅខាងក្រោយ បង្ខាំងឃុំទុកនៅក្នុងបន្ទប់ការិយាល័យ នៃកាស៊ីណូ «មេចេស្ទី» ដោយមិនដឹងមូលហេតុ និងមានជនសង្ស័យ ០៣នាក់ នៅយាមជនរងគ្រោះក្នុងបន្ទប់នោះ រីឯជនរងគ្រោះជា ជនជាតិចិន ០៩នាក់ទៀត (ស្រី៦នាក់) ត្រូវក្រុមជនសង្ស័យបង្ខាំងទុកនៅក្នុងបរិវេណកាស៊ីណូ មិនឲ្យចេញក្រៅ។បន្ទាប់មកកម្លាំងសមត្ដកិច្ចបានធ្វើការឆែកឆេររកឃើញ៖ ដំបងឆក់ចំនួន ០២គ្រឿង, កាំប៉ិត ០២ដើម, កាំភ្លើងខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ បង់កាំភ្លើង ០១ គ្រាប់ ២៥គ្រាប់, ប្រអប់កាំភ្លើងខ្លីចំនួន ០៣ប្រអប់ ក្នុងនោះមាន បង់កាំភ្លើងចំនួន០២ តែមិនមានកាំភ្លើងទេ។បន្ទាប់ពីរំដោះបានជនរងគ្រោះ និងធ្វើការឆែកឆេររួចមក កម្លាំងនគរបាលបានឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១៦នាក់ និងវត្ថុតាងទាំងនេះ។ចំពោះទីតាំងកាស៊ីណូ «មេចេស្ទី» នេះ ត្រូវបានលោកស្នងការអះអាងថា មិនមានច្បាប់អនុញ្ញាតបើកអាជីវកម្មនោះទេ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធី។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងផងថា «ប្រជាពលរដ្ឋមិនសប្បាយចិត្តជាខ្លាំង ដែលឃើញសកម្មភាពជនសង្ស័យធ្វើសកម្មភាពមិនខ្លាចរអាលសមត្ថកិច្ច និងបានអះអាងថា មិនហ៊ានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះទេ តែក្រោយពីឃើញសមត្ថកិច្ចរបស់យើង ចុះអន្តរាគមន៍បង្រ្កាបភ្លាមៗ ប្រជាពរដ្ឋដែលឃើញហេតុការណ៍សប្បាយចិត្ត និងកោតសសើរ អបអរសាទរនគរបាលខេត្តយើងខ្លាំងណាស់»៕