សាឡង់ដឹកខ្សាច់បើកបុកសសរស្ពានព្រែកតាមាក់, អភិបាលខេត្តកណ្តាល ចុះអន្តរាគមន៍ភ្លាមៗ និងបញ្ជាឲ្យផ្អាកការដឹកជញ្ជូនឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ០៨:៥៣
(កណ្តាល)៖ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកទៅបុកសសរស្ពានព្រែកតាមាក់ (សសរទី៣) នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បណ្តាលឲ្យគៀបជាប់នៅនឹងសសរស្ពានតែម្តង។ ភ្លាមៗក្រោយទទួលបានព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះចេញពីសសរស្ពាន។ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលកំពុងស្ថិតនៅកន្លែងកើតហេតុដែរនោះ បានបញ្ជាក់ថា «នៅពេលនេះលោកអភិបាលខេត្តកណ្តាល អភិបាលរង រួមសហការជាមួយមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញ បាននិងកំពុងរកមធ្យោបាយទាញក្បាល សាឡង់នេះចេញពីសសរស្ពាន»។បើតាមលោកឧត្តមសេនីយ៍ស្នងការ ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀតឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។សូមបញ្ជាក់ថា ស្ពានព្រែកតាមាក់ ស្ថិតនៅចម្ងាយប្រមាណ ៤០គ.ម ភាគខាងជើងរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់រវាងច្រាំងខាងកើត និងច្រាំងខាងលិចនៃទន្លេមេគង្គ។ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅ៕