ចិត្តដាច់ម៉្លេះ! កើតបាន៣ថ្ងៃ ឪពុកបីកូនស្រីចេញពីមន្ទីរពេទ្យ យកទៅលក់ឲ្យគេ ៧,០០០ដុល្លារ... (មានវីដេអូ)

ចិន៖​ បុរសជាឪពុកជនជាតិចិនម្នាក់ រួមនឹងអ្នកពាក់ព័ន្ធ ត្រូវបានចាប់ឃាត់ខ្លួន ជុំវិញនឹងសកម្មភាពប្រកាសលក់កូនស្រីទើបតែកើតបាន ៣ថ្ងៃ លើបណ្តាញសង្គម ដែលបង្កជាកំហឹង និងការរិះគន់យ៉ាងខ្លាំង។ បើយោងតាមប្រភពសារព័ត៌មាន បុរសជាឪពុកចិត្តដាច់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Zhao បានអះអាងប្រាប់ប៉ូលិសក្រោយធ្វើការឃាត់ខ្លួនថា លោក និងភរិយាពុំមានលទ្ធភាពចិញ្ចឹមកូនស្រីនោះទេ ទើបបានជាពួកគេទាំងពីរបង្ខំចិត្តលក់នាងតែម្តងទៅ។លោក Zhao បានធ្វើរឿងខុសច្បាប់នេះ ដោយមានជំនួយពីមិត្តភក្តិរបស់លោកម្នាក់ បានជួយផ្សព្វផ្សាយតាមរយៈសារនៅលើបណ្តាញសង្គមចិន WeChat ។
លោក Zhao បីកូនស្រីចេញពីពេទ្យយកទៅលក់
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ ក៏បានចាប់ជាប់ពីសកម្មភាពរបស់លោក Zhao បានបីកូនស្រីដែលទើបតែកើតបាន៣ថ្ងៃនោះ ចេញពីមន្ទីរពេទ្យ ដើម្បីយកទៅឲ្យអ្នកដែលចាំទទួលទិញនោះផងដែរ។ លោក Zhoa លក់កូនស្រីក្នុងតម្លៃ ៧,០០០ដុល្លារអាមេរិក។ គួរឲ្យដឹងផងដែរថា មុនឈានដល់ការបែកធ្លាយរឿង និងចាប់ឃាត់ខ្លួននេះ ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា មន្រ្តីប៉ូលិសក៏បានទទួលការរាយការណ៍ ពីអ្នកលេងបណ្តាញសង្គម ជុំវិញនឹងការផ្សព្វផ្សាយ ឬប្រកាសលក់កូន “Baby on sale” នៅលើបណ្តាញសង្គមចិន WeChat ផងដែរ។ ក្រោយមក ប៉ូលិសក៏បានធ្វើការតាមដាន ក៏ដូចជាស្រាវជ្រាវ និងបានរកឃើញថា ជនដែលបង្ហោះប្រកាសតាមរយៈសារនោះ ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះថា Wang រស់នៅក្នុងទីក្រុង Changzhou ខេត្ត Jiangsu និងត្រូវបានដឹងថា ជាមិត្តរបស់លោក Zhao ដែលជាឪពុកក្មេងនោះផងដែរ។
ក្មេងស្រីរងគ្រោះ
ជុំវិញនឹងករណីនេះ ប្រពន្ធរបស់លោក Zhoa ឈ្មោះថា Sun និងត្រូវជាម្តាយរបស់ក្មេងរងគ្រោះនោះ ក៏បានសារភាពដែរថា ពួកគេទាំងពីរនាក់ប្តីប្រពន្ធពិតជាបានលក់កូនស្រីទៅឲ្យប្តីប្រពន្ធមួយគូ ឈ្មោះថា Li និង Gao រស់នៅក្នុងទីក្រុង Nanjing តាមបណ្តាញសង្គមយ៉ាងពិតប្រាកដមែន។ នេះក៏ព្រោះតែពួកគេពុំមានលទ្ធភាពនៅក្នុងការចិញ្ចឹមបីបាច់កូននោះឡើយ។ យ៉ាងណាមិញ តាមការឲ្យដឹងពីមន្រ្តីប៉ូលិស ប្តីប្រពន្ធដែលទទួលទិញកូនពីគេនេះ ក៏បានសារភាពចំពោះទោសកំហុសនេះផងដែរ។ ហើយចំពោះមូលហេតុដែលពួកគេសម្រេចចិត្តទិញកូនពីគេបែបនេះ ក៏ព្រោះតែពួកគេរៀបការអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែពុំទាន់មានកូននឹងគេទៀត ដោយសារតែបញ្ហាសុខភាពមិនល្អ។ ជុំវិញនឹងករណីនេះទៀតសោត ទារិការងគ្រោះត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូនទៅមណ្ឌលសុខុមាលភាពរដ្ឋាភិបាល (Governmental Welfare) ដើម្បីទទួលបានការមើលថែផងដែរ។ ខណៈឯអាណាព្យាបាលរបស់នាងតូច​ (ឪពុកម្តាយ) រួមនឹងអ្នកពាក់ព័ន្ធ ក៏ត្រូវបានចាប់ឃាត់ខ្លួន។ ប៉ុន្តែប្រភពពុំបានទម្លាយឲ្យដឹងទេថា ពួកគេនឹងទទួលទោសទៅតាមផ្លូវច្បាប់បែបណានោះឡើយ។តែបើយោងតាមច្បាប់របស់ប្រទេសចិន ជនដែលត្រូវបានរកឃើញថា មានកំហុសពាក់ព័ន្ធនឹងការជួញដូរកុមារ គឺអាចនឹងជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖