សប្បាយក្លាយជាទុក្ខ! រងរបួសរាប់សិននាក់ ក្រោយដំរីខឹងក្រោធ រត់ជាន់មនុស្សទាំងរស់ ក្នុងពិធីបុណ្យសាសនាមួយ នៅស្រីលង្កា (មានវីដេអូ)

  • ច័ន្ទ ០៩ កញ្ញា, ២០១៩ ១៦:២២
WARNING: GRAPHIC CONTENTស្រីលង្កា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ១៧នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល ដោយសារតែត្រូវសត្វដំរី២ក្បាល ខឹងក្រោធរត់ជាន់ នាកំឡុងព្រឹត្តិការណ៍នៃពិធីបុណ្យសាសនាប្រចាំឆ្នាំមួយ ក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍ ទី៧ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។Perahera គឺជាពិធីបុណ្យសាសនាដ៏ធំប្រចាំឆ្នាំមួយ ដើម្បីគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធ (Sacred Tooth Relic of Lord Buddha) ជាមួយនឹងការរៀបចំជាក្បួនព្យុហយាត្រា តុបតែងលើសត្វដំរីយ៉ាងស្រស់ឆើតឆាយ ដង្ហែតាមដងផ្លូវចេញពីព្រះវិហារដែលមានអាយុកាល ៦០០ឆ្នាំ ក្នុងទីក្រុង Kotte ។ ក្នុងនោះ ក៏មានការសម្ដែង និងការរាំរបាំវប្បធម៌ជាច្រើនផ្សេងទៀត (របាំភ្លើងជាដើម) ផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា ដំណើរការក្នុងឆ្នាំនេះ ហាក់មិនសូវជាល្អប្រសើរជាងឆ្នាំមុនៗ ក្រោយផ្អើលដំរីរត់ជាន់មនុស្សបណ្តាលឲ្យរងរបួសអស់ជាច្រើននាក់។
រូបភាពក្នុងថ្ងៃកើតហេតុ
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ ដំបូងឡើងគេឃើញថា សត្វដំរីមួយក្បាលក្នុងចំណោមនោះ សុខៗស្រាប់តែលោតចេញពីមនុស្សមួយក្រុម មុនពេលដែលវាកាន់តែជ្រួលច្របល់ និងខឹងក្រោធរហូតរត់ជាន់ពីលើហ្វូងមនុស្ស ក៏ដូចជាអ្នកឈរមើលជាច្រើនទៀតតាមដងផ្លូវ យ៉ាងទីណាត់ទីណែងតែម្តង។ ក្នុងនោះ សូម្បីតែបុរសម្នាក់ដែលជិះលើខ្នងដំរីនោះ ក៏ត្រូវបានគេមើលឃើញថា បានធ្លាក់មកដីសឹងតែបាក់ចង្កេះផងដែរ។  
រូបភាពក្នុងថ្ងៃកើតហេតុ
បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍មួយនេះ គឺមានចំនួន ១៧នាក់។ បច្ចុប្បន្នជនរងគ្រោះទាំងនោះ គឺកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួនដូចជា នៅមន្ទីរពេទ្យ Kalubowila Teaching Hospital មន្ទីរពេទ្យ Colombo General Hospital និងនៅមន្ទីរពេទ្យ Sri Jayawardenapura General Hospital ផងដែរ៕​ចង់ជ្រាប់ច្បាស់ ទស្សនាវីដេអូខាងក្រោម៖ Warning - Video Contains: Content that may offend some viewers.