Kevin De Bruyne បង្កើតកំណត់ត្រាថ្មីខណៈបែលហ្ស៊ិកបំបាក់ស្កុតលែនក្នុងវគ្គជម្រុះយូរ៉ូ ២០២០(មានវីដេអូ)

  • អង្គារ ១០ កញ្ញា, ២០១៩ ០៩:០១
បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុម Manchester City កីឡាករ Kevin De Bruyne បានជួយអោយបែលហ្ស៊ិកឈ្នះ ៤-០ ទៅលើស្កុតលែន នៅកីឡាដ្ឋាន Hampden Park កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។Kevin De Bruyne បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣គ្រាប់(hat-trick) ក្នុងមួយប្រកួតក្នុងការប្រកួតជម្រុះយូរ៉ូ២០២០ អំឡុងពេលប៊ែលហ្ស៊ិកលត់ស្ដុតលែន ៤-០ កាលពីថ្ងៃច័ន្ទ។
Kevin De Bruyne ជាមួយមិត្តរួមក្រុមជម្រើសជាតិប៊ែលហ្សិក
តារាឆ្នើមរបស់ក្រុម Man City រូបនេះបានចូលរួមចំណែកក្នុងការបង្កើតគ្រាប់បាល់ទាំងបួនគ្រាប់អោយប៊ែលហ្សិកនៅកីឡាដ្ឋាន Hampden Park ដោយបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ៣ គ្រាប់ និងស៊ុតបាល់បញ្ចូលទីខ្លួនឯងបាន១គ្រាប់ ដើម្បីបន្តការចាប់ផ្តើមដ៏រឹងមាំរបស់គាត់ក្នុងរដូវកាលថ្មីនេះ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះហាក់មិនសូវបង្ហាញភាពលេចធ្លោរបស់ខ្លួនកាលពីឆ្នាំមុនដោយសារតែរបួស ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះជាអ្នកដែលបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League ដោយបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុង ៤ នៅរដូវកាលថ្មីនេះ។
Kevin De Bruyne និង Lukaku
ជ័យជម្នះ ៤-០ បានបន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ប៊ែលហ្សិកក្នុងវគ្គជម្រុះ Euro ២០២០ របស់ពួកគេដោយក្រុមរបស់លោក Roberto Martinez ទទួលបាន ១៨ ពិន្ទុក្នុងប្រកួត ៦ លើកដំបូងរបស់ពួកគេដើម្បីឈរនៅលើកំពូលតារាង។ទន្ទឹមនឹងនេះស្កុតលែនឈរនៅលេខ ៥ ក្នុងពូល I ដែលមានត្រឹម ៦ ពិន្ទុក្នុង ៦ ប្រកួតរបស់ពួកគេដោយតាមពីក្រោយក្រុមលេខ ២ រុស្ស៊ី ៩ពិន្ទុ៕បើចង់ឃើញការស៊ុតបញ្ចូលទីក្នុងប្រកួតនេះអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖