Ronaldo និង Messi ប៊ិះតែលេងឲ្យក្លិបយក្សមួយនៅ Premier League ជាមួយគ្នា

  • អង្គារ ១០ កញ្ញា, ២០១៩ ០៩:០៣
បរទេស៖ អតីតអ្នកចាត់ការទូទៅជោគជ័យមួយរបស់ Arsenal លោក Arsene Wenger បានទម្លាយឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ស្ទើរតែលេងជាមួយគ្នាឲ្យក្លិបមួយនៅអង់គ្លេសទៅហើយ។
លោកArsene Wenger
អតីតអ្នកចាត់ការទូទៅរបស់កាំភ្លើងធំ Arsenal រូបនេះបានឲ្យដឹងថា រូបលោកស្ទើរតែនាំយក Messi និង Ronaldo មកកាន់កីឡដ្ឋាន Emirate ទៅហើយ ប៉ុន្តែអ្វីៗមិនអាចកើតឡើងបាន។ ថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ បាននិយាយថាខ្លួនបានពិភាក្សាជាមួយ Lionel Messi ជុំវិញការផ្ទេរមកកាន់ Arsenal កាលពីឆ្នាំ២០០៣ ស្របពេលជាមួយដែល Arsenal ទិញ Cesc Fabregas ពី Barcelona។ យ៉ាងណា ពេលនោះ Messi បានសម្រេចចិត្តរួមរស់បន្តនៅតំបន់កាតាឡាន់ ដោយមិនយល់ព្រមផ្ទេរមកទឹកដីអង់គ្លេសនោះទេ។
Lionel Messi (ឆ្វេង) និង Cesc Fabregas
ងាកមកមើល Cristiano Ronaldo ឯណេះវិញ Wenger បានប្រាប់ថាគឺជារឿងសោកស្ដាយបំផុតក្នុងជីវិតដែលមិនអាចទិញ Ronaldo បាន។ លោកបានឲ្យដឹងថាមុនពេល Ronaldo ផ្លាស់មក Manchester United លោកក៏បានទាក់ទងទៅ Sporting ដើម្បីនាំយក Ronaldo មកកាន់ Arsenal ផងដែរ ប៉ុន្តែគ្រប់យ៉ាងវាពិតជានឹកស្មានមិនដល់។
Ronaldo កាលនៅជាកីឡាកររបស់ Sporting
គួរឲ្យដឹងដែរថា នាពេលបច្ចុប្បន្ន Ronaldo និង Messi គឺជាកំពូលខ្សែប្រយុទ្ធលំដាប់កំពូលនៅលើពិភពលោកដែល Ronaldo កំពុងតែលេងឲ្យក្លិបអ៊ីតាលី Juventus ខណៈ Messi មិនចេញទៅណាឆ្ងាយឡើយពី Barcelona៕