មុនចេញទៅវ៉ៃនៅភូមា!! ធន់ ចាន់តាក់ ឆ្លៀតទាត់កីឡាករថៃ ឲ្យបោះបង់ការប្រកួតនៅទឹកទី២ (មានវីដេអូ)

  • អង្គារ ១០ កញ្ញា, ២០១៩ ១៤:៥២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ សិស្សគុនមកពីក្លិបក្រសួងការពារជាតិ កីឡាករ ធន់ ចាន់តាក់ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីខេត្តខនកេ​ន ប្រទេសថៃ យ៉តកាតាំងយូ ដោយផ្ដួលកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី២។
កីឡាករធន់ ចាន់តាក់ ឈ្នះការប្រកួត
ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ នៅក្នុងទឹកទី១ កីឡាករថៃមិនបានចេញអាវុធអ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈ ចាន់តាក់ ព្យាយាមប្រើជើងឆ្វេងច្រើនដើម្បីទាត់ទៅលើកីឡាករថៃ។ យ៉ាងណាចូលដល់ទឹកទី២ ចាន់តាក់ បានសម្រុកកីឡាករថៃ ដោយទាត់ជើងក្រោមឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងវ៉ៃឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។គួរបញ្ជាក់ផងដែរថា ធន់ ចាន់តាក់ នឹងត្រូវចេញទៅវ៉ៃនៅប្រទេសភូមា ក្នុងកម្មវិធី WLC នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដោយត្រូវប៉ះជាមួយជើងខ្លាំងម្ចាស់ផ្ទះភូមាកីឡាករ Shuklaine Min៕ចង់ឃើញថា មុនចេញទៅភូមា ចាន់តាក់ ផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖