ញាក់សាច់! ការប្រកួតរវាងអង់គ្លេសនឹងកូសូវ៉ូយប់មិញស៊ុតបញ្ចូលទីគ្នាដូចទឹកបាក់ទំនប់(មានវីដេអូ)

  • ពុធ ១១ កញ្ញា, ២០១៩ ១០:០១
អង់គ្លេស៖ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ ក្រុមតោកំណាចអង់គ្លេសបានបើកទ្វារកីឡាដ្ឋាន Wembly ស្វាគមន៍ក្រុមភ្ញៀវកូសូវ៉ូក្នុងការប្រកួតជម្រុះយូរ៉ូ២០២០ ដោយក្នុងការប្រកួតនោះគេសង្កេតឃើញថាមានគ្រាប់បាល់រហូតដល់ទៅ៨គ្រាប់បានកើតឡើង ដោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះអង់គ្លេសបានយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ៥-៣។
លទ្ធផលនេះធ្វើឱ្យអង់គ្លេសឈរនៅកំពូលតារាងពូល A ដោយទទួលបានកំណត់ត្រាឈ្នះ ១០០ ភាគរយក្នុង៤ ប្រកួតខណៈដែលសាធារណរដ្ឋឆែកបានឡើងមកឈរនៅលេខ ២ វិញដោយឈ្នះ ៣-០ លើម៉ុងតេណេហ្គ្រោ។នៅដើមតង់ទី១ខ្សែការពារអង់គ្លេសកីឡាករ Michael Keane បានបង្កកំហុសដោយបណ្ដោយអោយក្រុមភ្ញៀវរកបាន១គ្រាប់ត្រឹមនាទីទី១ ប៉ុន្តែមិនបានប៉ុន្មានក្រុមម្ចាស់ផ្ទះបានវាយបកយ៉ាងសន្ធាប់មកវិញដោយរកបាន៥គ្រាប់ក្នុងតង់ទី១ ដោយគ្រាប់តាមស្មើ រកបានដោយកីឡាករ Raheem Sterling នៅនាទីទី៨ គ្រាប់ទី២ ដោយខ្សែប្រយុទ្ធ Harry Kane និងគ្រាប់ទី៣ជាការស៊ុតបញ្ចូលទីខ្លួនឯងដោយខ្សែការពារក្រុមកូសូវ៉ូកីឡាករ Mergim Vojvoda នៅនាទីទី៣៨ បានត្រឹម៦នាទីក្រោយមកកីឡាករ Jadon Sancho ជាអ្នកបន្ថែមគ្រាប់ទី៤អោយអង់គ្លេសនៅនាទី៤៤ ចំណែកឯគ្រាប់ទី៥រកបានដោយកីឡាករ Jadon Sancho ដដែលនៅចុងតង់ទី១ក្នុងនាទី៤៥+១។
ចូលដល់តង់ទី២បាន៤នាទីក្រុមភ្ញៀវមានឳកាសរកបានគ្រាប់ទី២របស់ខ្លួនដោយកីឡាករ Valon Berisha លុះមកដល់នាទីទី៥៥ក្រុមភ្ញៀវរកបាន១គ្រាប់ទៀតដោយបាល់ពិន័យ១១មែត្រ៉ដែលបង្កកំហុសដោយខ្សែការពាររបស់ក្រុម Manchester United កីឡាករ Harry Maguire​ ធ្វើអោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល៥ទល់នឹង៣៕បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាស្វិតស្វ៉ាញយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖