ពិតជាគួរឲ្យសរសើរ! កុមារីអាយុ៩ឆ្នាំ ពិការជើងទាំងសងខាង តស៊ូជម្នះក្លាយជាតារាម៉ូដែលវ័យក្មេង សម្រេចតាមក្តីស្រមៃ!

អង់គ្លេស៖ កុមារីពិការជើងទាំងសងខាង វ័យទើបតែ៩ឆ្នាំម្នាក់ ទទួលបានការកោតសរសើរ និងកម្លាំងចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានគេដឹងថា នាងតូចរូបនេះខិតខំតស៊ូជម្នះរាល់គ្រប់ឧបសគ្គ រហូតបានក្លាយខ្លួនជាតារាម៉ូដែលទាំងវ័យក្មេងម្នាក់ សម្រេចតាមក្តីស្រមៃរបស់នាង។
កុមារីDaisy-May Demetre
កុមារី Daisy-May Demetre មានអាយុ៩ឆ្នាំ មកពីទីក្រុង Birmingham ប្រទេសអង់គ្លេស។ នាងគឺជាក្មេងស្រីដ៏កំសត់ម្នាក់ ដែលទទួលរងនូវជំងឺអាក្រក់ម្យ៉ាង រហូតតម្រូវឲ្យកាត់ជើងចោលទាំងសងខាង តាំងតែពីនាងនៅតូចមកម៉្លេះ។ ប៉ុន្តែមិនថាយ៉ាងណា កុមារីរូបនេះ នៅតែអាចតស៊ូប្រឈមមុខនឹងរាល់គ្រប់ឧបសគ្គទាំងអស់នៅក្នុងជីវិត ដោយមិនមានពាក្យថាអស់សង្ឃឹម ឬបន្ទោសទៅលើវាសនារបស់នាងនោះឡើយ។ ពោលគឺ កុមារី Daisy-May បានប្រើប្រាស់ជើងសិប្បនិម្មិតនៅពេលដែលវ័យរបស់នាងកាន់តែលូតលាស់ ហើយនាងក៏អាចធ្វើអ្វីបានសព្វគ្រប់ ដូចដែលអ្នកដទៃផងដែរ។
កុមារី Daisy-May Demetre
ជាក់ស្ដែង អ្វីដែលរឹតតែភ្ញាក់ផ្អើលនាពេលថ្មីៗនេះ កុមារី Daisy-May ថែមទាំងមានសមត្ថភាពដើរម៉ូតបានយ៉ាងល្អគួរឲ្យសរសើរ ថ្វីបើនាងពិការជើងក្តី។ ការតាំងចិត្តដ៏ធំនេះ បានធ្វើឲ្យកុមារី Daisy-May បានលេចវត្តមាននៅក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូតដ៏ធំមួយប្រចាំឆ្នាំ «New York Fashion Week» កាលពីថ្ងៃអាទិត្យ កន្លងទៅនេះផងដែរ។
កុមារី Daisy-May Demetre
បន្ថែមលើនេះ នាងតូចរូបនេះ ក៏ថែមទាំងត្រូវបានគេចាត់ទុកថា ជាក្មេងស្រីពិការដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលបានក្លាយខ្លួនជាតារាម៉ូដែល បានឈរជើងដើរលើព្រឹត្តិការណ៍ New York Fashion Week នេះទៀតផង។ ពិសេសទៀតនោះ កុមារី Daisy-May ក៏នឹងត្រូវបានគេចាត់តាំង បង្ហាញវត្តមានជាថ្មី នៅក្នុងព្រឹត្តិការណ៍ដើរម៉ូត Paris Fashion Week នាចុងខែនេះទៀតផងដែរ។កុមារី Daisy-May បានបង្ហាញចំណាប់អារម្មណ៍ថា នាងពិតជាមានមោទកភាពនឹងខ្លួនឯងយ៉ាងខ្លាំង ដែលនាងអាចដើរម៉ូតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបាន។ ឯលោក Alex Demetre អាយុ៣៦ឆ្នាំ ជាប៉ារបស់កុមារី Daisy-May ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា កូនស្រីរបស់លោកគឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយលោកក៏មានមោទនភាព និងសប្បាយរីករាយចំពោះកូនស្រី នូវសមិទ្ធិផលដែលនាងទទួលបាននេះដូចគ្នា។
កុមារី Daisy-May Demetre
គួរឲ្យដឹងផងដែរថា កុមារី Daisy-May អាចមានសមត្ថភាពដើរម៉ូតបែបនេះ ក៏ដោយសារតែបានជំនួយពីបងស្រីរបស់នាង ឈ្មោះ Ella អាយុ១១ឆ្នាំ។ កុមារី Daisy-May ចាប់ផ្តើមដើរម៉ូតតាំងពីនាងអាយុ៨ឆ្នាំ។ ក្រោយមកនាងក៏ត្រូវបានអញ្ជើញឲ្យដើរម៉ូតក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីប្រ៊េនម៉ាកល្បីមួយបានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់នាង នៅពេលដែលកុមារី Daisy-May ដើរម៉ូតនៅ London Kid’s Fashion Week ។
កុមារី Daisy-May Demetre
គួរឲ្យដឹងបន្ថែមថា កុមារី Daisy-May កើតមកទទួលរងនូវជំងឺម្យ៉ាង ភាសាបច្ចេកទេសហៅថា «Fibular Hemimelia» (ផ្នែកខ្លះនៃឆ្អឹងសរសៃត្រូវបានបាត់បង់ ឬខូចទ្រង់ទ្រាយជើង) ដែលជាជំងឺពិការភាពដ៏កម្រមួយ អាចកើតឡើងមួយក្នុងចំណោមកំណើត ៤០,០០០នាក់ ដែលជាហេតុតម្រូវឲ្យកុមារី Daisy-May ត្រូវកាត់ជើងចោលនៅពេលដែលនាងអាយុបាន ១៨ខែ៕
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre កាលនៅតូច