បុរសម្នាក់មានសមត្ថភាពចាំព័ត៌មាននៃកាតឥណទានបានដល់ ១៣០០នាក់ យកទៅចាយវាយលើអនឡាញ តែចុងក្រោយភ្លាត់ស្នៀត

ជប៉ុន៖ ថ្មីៗនេះ បុរសឈ្មោះ Yusuke Taniguchi អាយុ៣៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទលួចព័ត៌មានកាតឥណទានរបស់អ្នកដ៏ទៃរហូតដល់ ១៣០០នាក់ និងប្រើប្រាស់ដើម្បីទិញអីវ៉ាន់តាមអនឡាញ។ប្រភពបានឲ្យដឹងថា លោក Yusuke ធ្វើការក្រៅម៉ោងជាបុគ្គលិកផ្នែកគិតប្រាក់នៅក្នុងហាងលក់ទំនិញមួយកន្លែង ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ គាត់ប្រើ​រយៈពេលខ្លីប៉ុណ្ណោះនៃការទន្ទេញព័ត៌មានដែលនៅលើកាតឥណទាន មានដូចជា លេខកាត ថ្ងៃបរិច្ឆេទផុតកំណត់ CVV និងឈ្មោះ ដែលភ្ញៀវហុចទៅឲ្យគាត់នៅពេលគិតប្រាក់។ក្រោយពីលោក Yusuke ត្រូវបានចាប់ខ្លួនរួចមក ប៉ូលិសបានរកឃើញសៀវភៅមួយក្បាលដែលមានផ្ទុកឈ្មោះរាប់រយជាមួយព័ត៌មាននៃកាតឥណទានទាំងនោះ។ប្រភពបានបន្ដថា ទោះបីជាលោក Yusuke ជាមនុស្សពូកែយ៉ាងណាក៏ដោយ គាត់នៅតែត្រូវប៉ូលិសចាប់ខ្លួនបានដដែល។ លោក Yusuke បានប្រើកាតឥណទានរបស់មនុស្សម្នាក់ដើម្បីទិញកាបូបចំនួនពីរដែលមានតម្លៃប្រមាណ ២៧០,០០០យេន (២,៥០០ដុល្លារអាមេរិក) ប៉ុន្ដែបែរជាភ្លាត់ស្នៀតដោយគាត់បានដាក់អាស័យដ្ឋានផ្ទះរបស់គាត់ ដើម្បីឲ្យគេដឹកជញ្ជូនមកឲ្យ ដែលជាហេតុធ្វើឲ្យប៉ូលិសតាមចាប់ខ្លួនគាត់បាន។យ៉ាងណាមិញ លោក Yusuke បានសារភាពដែរថា ខ្លួនបានទិញអីវ៉ាន់ពីអនឡាញដើម្បីយកទៅបញ្ចាំបានប្រាក់ ដើម្បីចំណាយទៅលើថ្លៃឈ្នួលផ្ទះ និងអាហារប្រចាំថ្ងៃជាដើម៕
លោក Yusuke នៅប៉ុស្តិ៍ប៉ូលិស