អាសូរណាស់! លោកអ៊ុំចំណាស់ម្នាក់ តស៊ូរត់តាក់ស៊ីទាំងឈឺ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលជំងឺ (មានវីដេអូ)

  • ព្រហស្បតិ៍ ១២ កញ្ញា, ២០១៩ ១៦:៤៧
ថៃ៖ ពាក្យចាស់លោកពោលថា ក្រោមមេឃតែមួយតែវាសនាខុសគ្នាដូចមេឃនិងដី។ ពាក្យនេះពិតជាត្រឹមត្រូវខ្លាំងណាស់។ អ្នកខ្លះកើតមកមានប្រាក់ចាយរាប់មិនអស់ ខណៈពេលអ្នកខ្លះទៀត ត្រូវខិតខំធ្វើការដើម្បីចិញ្ចឹមជីវិតជាដើម។ ករណីធ្ងន់ធ្ងរនោះគឺថា ក៏មានបុគ្គលមួយចំនួនត្រូវខិតខំធ្វើការដើម្បីចិញ្ចឹមក្រពះទាំងដែលខ្លួនឈឺផងដែរ។ជាក់ស្តែង ថ្មីៗនេះមានលោកអ៊ុំចំណាស់ម្នាក់ តស៊ូរត់តាក់ស៊ីទាំងខ្លួននៅឈឺ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ កំពុងតែល្បីពេញបណ្តាញសង្គមថៃ។យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Niramon Shicam បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នាងបានជិះតាក់ស៊ីលោកអ៊ុំចំណាស់ម្នាក់ ហើយនាងក៏បានឃើញស្ថានភាពលោកអ៊ុំនោះដូចជាមានជំងឺប្រចាំកាយធ្ងន់ធ្ងរជាខ្លាំង ពោលគឺលោកអ៊ុំនោះត្រូវពាក់បំពង់ដាក់អាហារតាមច្រមុះទៀតផង។
លោកអ៊ុំSaman Thongsukseni
ដល់ពេលសួរនាំគាត់ទៅ ទើបគាត់ប្រាប់ថា គាត់មានឈ្មោះ Saman Thongsukseni អាយុ ៥៥ឆ្នាំ ការពិតគាត់មាន​ជំងឺមហារីកមាត់អស់រយៈពេលជាង ៦ខែមកហើយ អីចឹងគាត់ត្រូវតែពាក់បំពង់ដាក់អាហារតាមច្រមុះនេះដើម្បីរស់។ម្យ៉ាងវិញទៀត គាត់គ្មានប្រាក់ច្រើននោះទេ ទើបគាត់គ្មានជម្រើសអ្វី ក្រៅពីខំធ្វើការរត់តាក់ស៊ីទាំងដែលខ្លួននៅឈឺ ដើម្បីមានប្រាក់ខ្លះបង់ថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យ។យ៉ាងណាមិញ អ្នកនាង Niramon ក៏បានឱ្យប្រាក់គាត់ចំនួន ១០០បាត ហើយនាងក៏បានបង្ហោះរឿងរ៉ាវមួយនេះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឱ្យមហាជនជួយបរិច្ចាគប្រាក់ជួយលោកអ៊ុំចំណាស់ម្នាក់នេះផងដែរ។រឿងរ៉ាវមួយនេះ បានល្បីពេញបណ្តាញសង្គមថៃ រហូតដល់មានបណ្តាញសារព័ត៌មាននានាចុះទៅជួបសម្ភាសន៍លោកអ៊ុំចំណាស់ម្នាក់នេះ ហើយក៏មានមហាជនជាច្រើនបានជួយបរិច្ចាគប្រាក់ជួយគាត់ជាហូរហែផងដែរ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni