Manchester United យល់ព្រមនាំយកកីឡាករ១រូបក្នុងខែមករាខាងមុខនេះក្នុងតម្លៃ៦៣លានផោន

  • សុក្រ ១៣ កញ្ញា, ២០១៩ ១៤:២៣
អង់គ្លេស៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានចុះកិច្ចព្រមព្រៀងជាមួយ Sporting Lisbon រួចហើយក្នុងការផ្ទេរយកកីឡាករ Bruno Fernandes នៅខែមករា។យោងតាម Don Balon បានអោយដឹងថាក្រុមបិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៦៣ លានផោនសម្រាប់កីឡាករ Fernandes ដើម្បីផ្លាស់ទៅកាន់ទឹកដី Old Trafford នៅខែមករាខាងមុខនេះបន្ទាប់ពីកីឡាកររូបនេះខកខានមិនបានផ្ទេរចេញនៅរដូវក្តៅ។
កីឡាករBruno Fernandes
Don Balon អះអាងថានេះវាអាចប៉ះទង្គិចដល់ក្រុមអធិរាជស Real Madrid និង Tottenham ផងដែរពីព្រោះកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះអាចជាកម្លាំងសំខាន់ក្នុងការជួយជ្រោមជ្រែងតំបន់ប្រយុទ្ធរបស់ពួកគេ។Fernandes អាចជាការចុះហត្ថលេខាដ៏ល្អមួយសម្រាប់ Spurs នាពេលបច្ចុប្បន្នដោយសារតែភាពមិនប្រាកដប្រជារបស់ពួកគេលើកីឡាករ Christian Eriksen ដែលផុតកុងត្រានៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរវាក៏ជាជម្រើសល្អរបស់ Real Madrid ផងដែរប្រសិនបើ Fernandes ចូលរួមជាមួយពួកគេដើម្បីជំនួស Luka Modric រយៈពេលវែង។ទោះយ៉ាងណាក៏ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះហាក់ដូចជាត្រូវបានក្រុម Man Utd អន្ទងចិត្តបាន ដោយជឿជាក់ថាអ្នកគាំទ្រនឹងរំភើបប្រសិនបើរឿងនេះក្លាយជាការពិត។ក្រុមរបស់លោក Ole Gunnar Solskjaer បានចាប់ផ្តើមមិនសូវល្អនៅរដូវកាលនេះហើយវាហាក់ដូចជាច្បាស់ណាស់ថាត្រូវការកីឡាករថ្មីៗមកចូលរួមដើម្បីពង្រឹងក្រុម ដោយសារតែទទួលបានកីឡាករតែ៣រូបប៉ុណ្ណោះកាលពីរដូវក្តៅដោយមិនបានទិញយកខ្សែបម្រើកណ្តាលឡើយរូបណាឡើយមកចូលរួមក្រុម។ ដូច្នេះ Bruno Fernandes អាចជាគោលដៅសំខាន់របស់ Man Utd ក្នុងការជំនួស Ander Herrera ឬ Marouane Fellaini បន្ទាប់ពីការចាកចេញថ្មីៗនេះ៕