រំភើបមែន! ឆ្កែស្មោះត្រង់មួយក្បាល រង់ចាំម្ចាស់អស់ ៤ឆ្នាំ ទីបំផុតក៏បានជួបជុំម្ចាស់ដើមវិញ (មានវីដេអូ)

ថៃ៖ ឆ្កែគឺជាសត្វមួយប្រភេទដែលត្រូវបានមនុស្សម្នាចាត់ទុកប្រៀបដូចជាមិត្តសម្លាញ់អីចឹង ព្រោះតែវាមានភាពស្មោះត្រង់ និងភក្តីភាពខ្លាំងចំពោះមនុស្ស។ជាក់ស្តែង ថ្មីៗនេះមានរឿងរ៉ាវដ៏អស្ចារ្យមួយទាក់ទិនសត្វឆ្កែស្មោះត្រង់មួយក្បាល បានអង្គុយរង់ចាំម្ចាស់ដើមវារាល់ថ្ងៃ កំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ីនធើណេតជាខ្លាំង។
Leo (BonBon)
Leo (BonBon)
យោងតាមប្រភពបានឱ្យដឹងថា ឆ្កែមួយក្បាលនេះត្រូវបានគេស្គាល់ឈ្មោះថា Leo ហើយវាអង្គុយរង់ចាំម្ចាស់ដើមវារាល់ថ្ងៃ ដោយមិនដឹងថាខ្លួនត្រូវបានម្ចាស់បោះបង់ចោលនោះទេ។យ៉ាងណាមិញ ក៏មានស្រ្តីចិត្តល្អម្នាក់បានឱ្យចំណីវាស៊ីរាល់ថ្ងៃ ហើយមនុស្សម្នាក៏បានសួរនាំស្រ្តីនោះ ហើយគាត់ក៏បានប្រាប់ថា ការពិត រូបគាត់ធ្លាប់បានឃើញ Leo អង្គុយរង់ចាំម្ចាស់ដើមរបស់វាតាំងពីពីរបីឆ្នាំមុនមកម្ល៉េះ។
ស្រ្តីចិត្តល្អដែលតែងតែឱ្យចំណីLeo
ពេលនោះ Leo មានរូបរាងស្គមស្គាំង និងមានជំងឺសើស្បែកទៀត។ ដូច្នេះគាត់ក៏បានជួយសង្រ្គោះវា នាំវាទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ហើយក៏យកវាទៅចិញ្ចឹមក្នុងផ្ទះផងដែរ។មិនយូរប៉ុន្មាន ស្រ្តីរូបនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេល Leo ស្រាប់តែបាត់ខ្លួន រត់ចេញពីផ្ទះរបស់គាត់ ហើយគាត់ក៏បានតាមរកវា។ជាក់ស្តែង ការពិត Leo ត្រលប់ទៅកន្លែងដើមវិញ ដែលស្រ្តីរូបនេះបានជួយសង្រ្គោះវាពីដំបូង។ ដូច្នេះស្រ្តីរូបនេះក៏ដឹងថា ការពិត Leo កំពុងតែអង្គុយរង់ចាំម្ចាស់ដើមរបស់វាត្រលប់មកវិញសោះ។
Leo (BonBon)
Leo មិនចង់តាមគាត់ត្រលប់ទៅផ្ទះវិញនោះទេ ដូច្នេះគាត់គ្មានជម្រើសអ្វី ក្រៅពីឱ្យចំណីវាស៊ីរាល់ថ្ងៃនៅតាមផ្លូវបែបនេះទៅ។ពេលខ្លះ បើទោះបីជាស្រ្តីរូបនេះពុំទំនេរក្តី ក៏គាត់ប្រាប់បងប្អូនរបស់គាត់ឱ្យជួយយកចំណីទៅឱ្យ Leo ស៊ីជាហូរហែទៅតាមហ្នឹងដែរ។រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមថៃ ហើយក៏មានមនុស្សម្នាជួយចែករំលែក ឬ Share រឿងនេះជាហូរហែ ដើម្បីសង្ឃឹមថាម្ចាស់ដើមរបស់វានឹងត្រលប់មករកវាវិញនៅថ្ងៃណាមួយ។មិនយូរប៉ុន្មាន រឿងរ៉ាវមួយនេះក៏បានល្បីខ្លាំង រហូតដល់ម្ចាស់ដើមរបស់ Leo ដឹងរឿងនេះក៏ត្រលប់ទៅរកឆ្កែមួយនេះក្បាលនេះវិញ។នៅទីបំផុត Leo ក៏បានជួបជុំម្ចាស់ដើមរបស់វាវិញ ក្រោយពីវារង់ចាំអស់រយៈពេល ៤ឆ្នាំ។ ដល់ពេលសួរនាំគាត់ទៅ ទើបគាត់ប្រាប់ថា កាលពី ៤ឆ្នាំមុន គាត់បានមកដើរលេងនៅម្តុំនេះ ប៉ុន្តែគាត់ក៏បានបាត់ឆ្កែមួយក្បាលដែល Leo មានឈ្មោះពិតគឺ BonBon ហើយវាក៏បានបាត់ខ្លួនដោយគ្មានមូលហេតុ ប្រហែលជាវាលោតចេញពីឡានក៏មិនដឹង។
ម្ចាស់ដើមLeo (BonBon)
យ៉ាងណាមិញ នៅពេលនោះ ពួកគាត់ក៏បានព្យាយាមរក BonBon ដែរ ប៉ុន្តែរកពុំឃើញទាល់តែសោះ។ ដូច្នេះគាត់ក៏មិនដឹងធ្វើវិញ មានតែបន្តដំណើរត្រលប់ទៅផ្ទះវិញ។យ៉ាងណាក្តី ម្ចាស់ដើមរបស់ BonBon ក៏មានភាពរីករាយខ្លាំងណាស់ផងដែរ ដែលបានឮដំណឹងថា BonBon នៅមានជីវិត និងមានសុខភាពល្អ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំបែបនេះ។ពួកគេក៏អរគុណទៅដល់ស្រ្តីដែលបានជួយថែរក្សានិងឱ្យចំណី BonBon ផងដែរ។ ដូច្នេះម្ចាស់ដើមរបស់ BonBon ក៏បានមកយក BonBon ត្រលប់មកផ្ទះវិញ។ប៉ុន្តែ ស្រាប់តែ BonBon (Leo) មិនចង់ត្រលប់ទៅរកម្ចាស់ដើមវាវិញសោះ បើទោះបីជា នៅទីបំផុតវាបានជួបជុំម្ចាស់ដើមវាវិញក៏ដោយ។យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ម្ចាស់ដើមរបស់ឆ្កែនេះបាននិយាយថា BonBon មានការស្ទាក់ស្ទើរក្នុងការចាកចេញពីតំបន់នោះ បើទោះបីជាវាមានភាពរីករាយ ក្នុងការជួបជុំជាមួយម្ចាស់ដើមវាវិញក៏ដោយ។
Leo (BonBon)
ដូច្នេះ ពួកគាត់ក៏បានសម្រេចិត្តអនុញ្ញាតឱ្យ BonBon នៅជាមួយម្ចាស់ថ្មី ដែលជាស្រ្តីតែងតែជួយឱ្យចំណីវាស៊ីក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ចំណែកម្ចាស់ដើម BonBon បានបន្តរៀបរាប់ទៀតថា គាត់មិនចង់ធ្វើបាបចិត្ត BonBon នោះទេ ព្រោះបើវាចូលចិត្តកន្លែងថ្មីហើយ អីចឹងគាត់ក៏អនុញ្ញាតឱ្យវានៅជាមួយម្ចាស់ថ្មីផងដែរ ហើយគាត់នឹងមកលេងវាម្តងកាល។យ៉ាងណាមិញ រឿងរ៉ាវមួយនេះ​បាននិងកំពុងតែល្បីពេញបណ្តាញសង្គមថៃ។ មនុស្សម្នាក៏សម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងក្តុកក្តួលទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕