ជីវិតមនុស្សស្រី រៀបការលឿនពេកខ្លាចខុស តែបើនៅយូរពេកខ្លាចចាស់ជ្រុល តើគួរសម្រេចចិត្តបែបណា?

គួរឆាប់រៀបការ ឬក៏ចាំឱ្យអាយុច្រើនបន្តិចចាំរៀបការ តើមួយណាល្អ ឬត្រឹមត្រូវជាង? ជាសំណួរដែលស្រីៗប្រហែលជាពិបាកនឹងសម្រេចចិត្តឆ្លើយណាស់ តែបើគិតៗទៅ វាក៏មិនពិបាកនឹងគិតច្រើននោះដែរ សំខាន់ឱ្យតែគិតឱ្យច្បាស់លាស់ មើលដឹងចិត្តថ្លើមគ្នា ជាពិសេស បានជួបមនុស្សល្អ ស្រឡាញ់យើងពិតប្រាកដ ក៏ឆាប់រៀបការទៅ មិនបាច់ចាំយូរពេកទេ រកបានមនុស្សល្អហើយ គិតច្រើនអីទៀត​ ព្រោះបំណងរបស់មនុសស្សស្រីគ្រប់រូប គឺសុទ្ធតែចង់បានដៃគូជីវិតដែលល្អហ្នឹងហើយ។
រូបតំណាង
ប៉ុន្តែអ្វីដែលពិបាកនោះ មិនមែនរឿងរៀបការឆាប់ ឬយូរនោះទេ គឺរឿងមើលចិត្តថ្លើមមនុស្សមិនដឹងហ្នឹងហើយ។ មនុស្សខ្លះ ស្គាល់កាន់តែយូរ កាន់តែមិនយល់ពីចិត្តគេ ស្គាល់កាន់តែយូរ កាន់តែប្រែប្រួលផ្លាស់ប្ដូរចិត្តគំនិត រឹតតែនៅក្បែរ កាន់តែមានអារម្មណ៍ថា ឆ្ងាយពីគ្នា​ បែបហ្នឹង សួរថា ឱ្យឆាប់រៀបការយ៉ាងម៉េច បើមនុស្សកាន់តែប្រួលប្រែ ពីមួយថ្ងៃទៅមួយថ្ងៃបែបហ្នឹងនោះ ពិតជាពិបាកស្ទាបស្ទង់ចិត្តមនុស្សមែន។ ជាពិសេស ចិត្តមនុស្សប្រុសសម័យនេះ ពូកែសម្ដែង ពូកែសម្ដី ពូកែទាក់ទាញ អូសក្រឡា ល្អនឹងយើងបានតែដំបូង ពូកែតែខាងលួងលោម សន្យា ធ្វើម៉េចឱ្យតែបានយកឈ្នះចិត្តយើង ក្រោយមកក៏បង់បោះ ដោះដៃ មានថ្មីទៅវិញ។
រូបតំណាង
ដូច្នេះហើយមនុស្សស្រី ទទួលចិញ្ចៀនរៀបការ ឬខ្នោះដៃ គប្បីរិះគិតឱ្យបានល្អិតល្អន់ កុំចេះតែធ្វើតាមអារម្មណ៍ និងបេះដូងមួយឆាវឱ្យសោះ ព្រោះនេះជាជីវិតគូ មិនមែនលេងសើចមួយថ្ងៃ ឬមួយខែទេ តែវាជាដំណើរមួយជីវិត បើសម្រេចចិត្តរៀបការហើយ គឺជាការសម្រេចចិត្តពាក់កណ្ដាលជីវិតតទៅមុខទៀត។ បើត្រឹមជាសង្សារ ឬស្នេហាបែបក្មេងៗ ធ្វើតាមបេះដូង ធ្វើតាមចិត្ត និងអារម្មណ៍ចុះ តែនេះ គូជីវិត ត្រូវប្រើខួរក្បាលមកគិត ប្រើគំនិតគិតឱ្យល្អិតល្អន់ច្បាស់លាស់ កុំឱ្យរៀបការហើយ មិនចុះសម្រុងក៏លែងលះ ធ្វើដូចបៃឡុកបៃឡនោះឡើយ ព្រោះមនុស្សស្រីយើង ងាយថ្លោះធ្លោយ ញាតិមិត្តសើចចំអកណាស់ គិតឱ្យច្បាស់ មុននឹងសម្រេចចិត្ត។
រូបតំណាង
វាមិនសំខាន់ទេថា រៀបការឆាប់ ឬយូរ តែអ្វីដែលសំខាន់គឺ ជីវិតគូ បន្ទាប់ពីរៀបការរួច មានក្ដីសុខ សុភមង្គល ចុះសម្រុងនឹងគ្នា ជាដៃគូ អាចចាប់ដៃគ្នារកស៊ីតទៅថ្ងៃមុខ រួមដំណើរជីវិតជាមួយគ្នាបានយូរអង្វែងឬក៏អត់៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ