ហេតុផលបច្ចេកទេស៦យ៉ាងនេះ ដែលជាហេតុបណ្ដាលឲ្យសំណង់អគារអាចបាក់រលំបាន

យល់ដឹង៖ ស្របពេលដែលមានសំណង់អគារជាច្រើននៅជុំវិញពិភពលោកកំពុងមានការរីកដុះដាលគួរឲ្យកត់សម្គាល់ ក៏មានបញ្ហាបចេ្ចកទេសមួយចំនួនបានកើតឡើងស្របពេលគ្នាផងដែរ។ ជាក់ស្ដែងប្រទេសកម្ពុជាយើងមួយរយៈកាលចុងក្រោយមានសំណង់អគារមួយចំនួនបានបាក់រលំ។
អាគារបាក់រលំនៅខេត្តព្រះសីហនុ
នេះបើយោងតាមសារព័ត៌មាន BBC បានលើកយកហេតុផលបច្ចេកទេសចំនួន ៦ ដែលជាហេតុផលនាំឲ្យសំណង់អគារអាចបាក់រលំបានដូចជា៖
១. កំហុសនៃការគូរប្លង់ និងការរចនា
បើការគូរប្លង់មិនបានល្អទេ សំណង់អគារក៏នឹងងាយបាក់ស្រុតដែរ។ ប្លង់ដែលគូរមិនសូវបានល្អភាគច្រើនជាប្លង់ដែលគូរឡើងឲ្យមានការចំណាយលុយអស់តិចទៅលើគំរោងសំណង់។
២. បញ្ហាគ្រឹះអគារ
គ្រឹះអគារជាបញ្ហាចម្បងមួយយើងត្រូវគិតគូរឲ្យបានល្អិតល្អន់ ជាពិសេសត្រង់ទីតាំងដីដែលយើងបំរុងនឹងសាងសង់អគារ។ ជួនកាលដីមានសភាពច្រោះ និងមិនហាប់ណែនល្អ ដែលអាចបង្កបញ្ហាដល់អគារ។បញ្ហារញ្ជួយដីក៏ជាបញ្ហាចោទមួយដែរ តែបើយើងបុកគ្រឹះបានជ្រៅ និងហាប់ណែនល្អ វាក៏អាចទប់ទល់បានមួយកម្រិតដែរ។
៣. ការប្រើប្រាស់សម្ភារៈដែលមិនមានគុណភាព
ទោះបីប្លង់មានលក្ខណៈល្អប្រសើរយ៉ាងណាក៏ដោយ បើជ្រើសយកសម្ភារៈមកសាងសង់មិនមានគុណភាព ដូចជាស៊ីម៉ង់ដ៍មិនរឹងជាប់ល្អ ឬដែកមានលក្ខណៈស្ដើងជាដើម ក៏ជាចំណុចរួមផ្សំធ្វើឲ្យសំណង់អគារឆាប់មានបញ្ហាផងដែរ។
៤. កំហុសពេលសាងសង់
ជួនកាលវិស្វករដែលម៉ៅការសាងសង់មិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ឬកម្មករមិនសូវមានបច្ចេកទេសសាងសង់ ដែលជាហេតុនាំឲ្យសំណង់អគារសាងសង់មិនបានល្អ ហើយអាចឈានដល់ការបាក់រលំផ្នែកណាមួយនៃអគារ ឬអគារទាំងមូលតែម្ដង។
៥. ការសឹករិចរិលមុនអាយុកាល
រាល់អគារទាំងឡាយសុទ្ធតែមានអាយុកាលកំណត់ច្បាស់លាស់ បើការសាងសង់មិនបានត្រឹមត្រូវ ឬអ្នកសាងសង់ចេះធ្វើឲ្យរួចតែពីដៃទេនោះ  ឬការប្រើប្រាស់អគារមិនចំមុខងាររបស់អាគារ វានឹងធ្វើឲ្យអាយុកាលរបស់អគារមានការថយចុះទៅតាមនោះ។
៦. ការផ្ទុកលើសទម្ងន់
បើយើងផ្ទុករបស់របរប្រើប្រាស់ផ្សេងៗដូចជាគ្រឿងសង្ហារឹមលើសពីចំនួនដែលបានកំណត់ ឬការសាងសង់បន្ថែមត្រង់ចំណុចណាមួយ ឬការសាងសង់ជាន់បន្ថែមដោយមិនបានគណនាពីកម្លាំងផ្ទុកត្រឹមត្រូវទេនោះ អគារនឹងមិនអាចទ្រាំទ្រទម្ងន់បានឡើយ៕