Sporting ចង់បានកីឡាករឆ្នើម១រូបពី Man UTD ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Bruno

  • អង្គារ ១៤ មករា, ២០២០ ០៩:៥៤
អង់គ្លេស៖ ក្លិបយក្សព័រទុយហ្កាល់ Sporting Lisbon បានប្រាប់ក្រុមបិសាចក្រហម Manchester United ថាពួកគេចង់បានខ្សែការពារសញ្ជាតិអាហ្សង់ទីនកីឡាករ Marcos Rojo ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់​ Bruno Fernandes តែទំនងជាត្រូវការឲ្យក្លិបនៅ Premier League មួយនេះជួយបន្តបង់ប្រាក់ឈ្នួលខ្លះរបស់ Rojo។
Marcos Rojo
Man UTD កំពុងដុតដៃដុតជើងធ្វើការទៅលើកិច្ចព្រមព្រៀងតម្លៃ៥០លានផោន ​ (ឬប្រមាណ៦៥លានដុល្លារ) ក្នុងការផ្ទេរយក Fernandes មកកាន់ទឹកដី Old Trafford ក្នុងខែនេះ។យ៉ាងណា មន្រ្តីរបស់ក្រុម Sporting បានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសជួបពិភាក្សាចរចាជាមួយ​ Man UTD រួចរាល់ហើយ ខណៈរបាយការណ៍បានអះអាងថា​ Fernandes បានស្នើក្លិបព័រទុយហ្កាល់មួយនេះ អនុញ្ញាតឲ្យរូបគេចូលរួមជាមួយនឹងក្រុមបិសាចក្រហម។
Bruno Fernandes
ជាមួយគ្នានេះដែរ កាសែត O Jogo បានអះអាងថា ក្លិប Sporting បានស្នើដាក់ Rojo ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ប៉ុន្តែប្រាក់ពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់របស់គាត់ហាក់ជាកត្តាមួយរារាំង។ ជាក់ស្ដែងជម្រើសជាតិអាហ្សង់ទីនរូបនេះរកបាន១សែន៦ម៉ឺនផោន (ឬប្រហែល២សែនដុល្លារ) ក្នុង១សប្ដាហ៍ ដូច្នេះមានន័យថា Man UTD ត្រូវជួយចំណាយលើផ្នែកខ្លះនៃប្រាក់ខែរបស់​ Rojo ទោះការផ្ទេរនោះស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង ឬការផ្ទេរជាអចិន្ត្រៃយ៍ក៏ដោយ។
Marcos Rojo
គួរបញ្ជាក់ផងដែរថា Rojo មិនសូវមានឱកាសបានចូលលេងនោះទេ ក្រោមការដឹកនាំរបស់លោក Solskjaer ជាក់ស្ដែងក្នុងក្របខណ្ឌ Premier League រដូវកាលនេះរូ​បគេទើបង្ហាញខ្លួនបាន៣ប្រកួតប៉ុណ្ណោះ៕