ក្ដៅៗ! Spurs ទំនងជាបង្ហាញវត្តមានកីឡាករ Fernandes ក្នុងរយៈពេល២៤ម៉ោងទៀត ក្រោយធ្វើតេស្តសុខភាពបានជោគជ័យ

  • អង្គារ ១៤ មករា, ២០២០ ១០:៤៧
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Skysports បានឲ្យដឹងថា ខ្សែបម្រើវ័យ២១ឆ្នាំរបស់ក្រុម Benfica កីឡាករ Gedson Fernandes បានធ្វើតេស្តសុខភាពជាប់ជាស្ថាពរ ជាមួយនឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur មុនធ្វើការផ្ទេរមកកាន់ទឹកដីអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ។យ៉ាងណា សម្រាប់ការប្រកាសជាផ្លូវការជុំវិញការផ្ទេររបស់គាត់ ត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងរយៈពេល២៤ម៉ោងទៀត។
កីឡាករGedson Fernandes
ក្លិបការពារជើងឯកលីគកំពូលព័រទុយហ្កាល់ Benfica បានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្រុម Tottenham និងក្រុមញញួរយក្ស West Ham តែកីឡាករ Fernandes បានសម្រេចចិត្តចុះកុងត្រាជាមួយ Spurs ដែលដឹកនាំគ្រូបង្វឹករួមសញ្ជាតិ Jose Mourinho។ លើសពីនេះទៅទៀតក្នុងកិច្ចព្រមព្រៀង Spurs មានជម្រើសក្នុងការទិញផ្ដាច់ជាមួយនឹងតម្លៃ ៥៦លានផោន ​(ឬប្រមាណ៧២,៧លានដុល្លារ)។ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពីក្រុម Tottenham និង West Ham ក្នុងនោះក្រុមតោខៀវ Chelsea ក៏មានចំណាប់ក្នុងការខ្ចីជើងយក Fernandes ផងដែរ។
កីឡាករ Gedson Fernandes
គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យក្មេងរូបនេះត្រូបានក្លិប Benfica ដំឡើងឲ្យមកលេងក្នុងឈុតធំ កាលពីខែកក្កដា ឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបបានចំនួន ៥៩ប្រកួត ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង៕