អ្នកអភិវឌ្ឍចង់ឲ្យបញ្ញាសិប្បនិម្មិត AI រៀនបំភ្លេចរឿងមួយចំនួន ឲ្យដូចខួរក្បាលរបស់មនុស្សដែរ

បរទេស៖ សព្វថ្ងៃនេះ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI បានខិតទៅរកទម្រង់ស្វ័យប្រវត្តិកម្មហើយ។ ការឆ្លើយតបដោយស្វ័យប្រវត្តិអាចផ្ដល់នូវចំណាប់អារម្មណ៍នៃភាពវៃឆ្លាត ប៉ុន្តែតាមពិតទៅពួកវាត្រូវបានគេកំណត់ទុកជាមុនរួចហើយ។ រឿងមួយដែលធ្វើឲ្យខួរក្បាលមនុស្សមិនគួរឲ្យជឿ គឺរបៀបដែលវាអាចរៀនសាឡើងវិញបានយ៉ាងរហ័ស បន្ទាប់ពីបានបំភ្លេចចំណេះដឹងមួយចំនួនចោល។ ចំណុចនេះបានជួយឲ្យមនុស្សទទួលយកព័ត៌មានថ្មីៗ និងធ្វើការសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព។
AI អាចនឹងរៀនបំភ្លេចចំណុចមួយចំនួន ក្នុងពេលអនាគត
ដូចនេះបញ្ញាសិប្បនិម្មិតក៏គួរតែរៀនបំភ្លេចចំណុចមួយចំនួន ដើម្បីឲ្យវាកាន់តែមានភាពវៃឆ្លាតជាងមុន។ ក្នុងដំណើរការខួរក្បាលរបស់មនុស្ស ទិន្នន័យចាស់ៗឬមិនសូវមានប្រយោជន៍ វានឹងធ្វើការលុបបំបាត់ចោល រួចហើយវានឹងបង្កើតកន្លែងទំនេរដើម្បីស្ដុកទុកព័ត៌មានថ្មីៗនិងមានប្រយោជន៍ជំនួសវិញ។ ប៉ុន្តែដំណើរការនៃខួរក្បាលរបស់មនុស្សទាំងការទាញយកឬរក្សាទុកចំណេះដឹងគឺមានភាពខុសគ្នាឆ្ងាយពីម៉ាស៊ីន។ ឧទាហរណ៍ កុំព្យូទ័រត្រូវការសម្គាល់រូបភាពរាប់ពាន់សន្លឹកនៃសត្វមួយក្បាល ដើម្បីកំណត់ថាតើវាជាឆ្កែឬឆ្មា។ ប៉ុន្តែខួរក្បាលមនុស្សអាចសម្គាល់ដឹងថា វាជាសត្វឆ្មាឬឆ្កែ ដោយគ្រាន់តែក្រឡេកមើលមួយភ្លែត។
រូបតំណាង
ទាំងនេះដោយសារតែ​ខួរក្បាលរបស់មនុស្សយល់ពីគោលការណ៍សំខាន់ៗរបស់វា ហើយការស្វែងយល់នេះគឺមានជារៀងរហូត។ ហេតុនេះហើយ ភាពវៃឆ្លាតពិតប្រាកដគឺមិនទាក់ទងនឹងការផ្ទុកទិន្នន័យជាច្រើននោះទេ ប៉ុន្តែវាគួរតែប្រើទិន្នន័យតិចនិងច្បាស់លាស់។ គន្លឹះសម្រាប់បញ្ញាសិប្បនិម្មិតដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពគឺការបង្កើតបណ្ដាញសរសៃប្រសាទ ដែលអាចដំណើរការនិងរៀនបំភ្លេចទិន្នន័យ ខណៈពេលរក្សាទុកបរិបទនៃគំនិតដូចមនុស្សដែរ។ គេសង្ឃឹមថា វាអាចនឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សនិងបច្ចេកវិទ្យា ដើម្បីធ្វើការជាមួយគ្នា មិនមែនសម្រាប់ប្រឆាំងគ្នានោះទេ៕