Giroud យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបយក្សអ៊ីតាលី ខណៈ Chelsea ទាមទារតម្លៃខ្លួន…

  • អង្គារ ១៤ មករា, ២០២០ ១៥:៤៤
អងគ្លេស៖ ក្លិបយក្សអ៊ីតាលី Inter Milan បានខិតជិតក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំកីឡាករ​ Olivier Giroud ពីក្លិបតោខៀវ Chelsea ក្រោយជម្រើសជាតិបារាំងរូបនេះ យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមលោក Antonio Conte។Giroud មិនសូវមានឱកាសបានចូលលេងនោះទេ ជាក់ស្ដែងក្នុងក្របខណ្ឌ Premier League រដូវកាលនេះ រូបគេបង្ហាញខ្លួនបានត្រឹម៥ប្រកួតប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Frank Lampard ក៏បានសារភាពថាលោកនឹងអនុញ្ញាតឲ្យរូបគេចាកចេញក្នុងខែមករានេះផងដែរ។
កីឡាករ​Olivier Giroud
យ៉ាងណាយោងតាមការចុះផ្សាយរបស់កាសែត​ Skysports ក្លិប Inter Milan បានជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់​ Giroud កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំបានយល់ព្រមកុងត្រារយៈពេល២ឆ្នាំកន្លះ ខណៈការសម្រេចកិច្ចព្រមព្រៀងជាផ្លូវការនៅរង់ចាំ តែការចរចាគ្នារវាងក្លិបនិងក្លិបប៉ុណ្ណោះ។​ជាមួយគ្នានេះដែរ Inter Milan បានដាក់សំណើ ៤,៥លានផោន (ឬប្រហែល ៥,៨លានដុល្លារ) សម្រាប់ Giroud ខណៈក្រុម Chelsea ទាមទារតម្លៃខ្លួនអតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះយ៉ាងហោច ៦,៥លានផោន (ឬប្រមាណ៨,៤លានដុល្លារ) ។
កីឡាករ​ Olivier Giroud
គួរបញ្ជាក់ផងដែរថា​ កុងត្រាបច្ចុប្បន្នរបស់ Giroud នឹងផុតកំណត់នៅទឹកដី Stamford Bridge នារដូវក្ដៅខាងមុខ។ ដូច្នេះប្រសិនបើ​ Chelsea មិនព្រមលក់រូបគេចេញក្នុងខែមករាទេ ពួកគេអាចនឹងប្រឈមមុខបាត់បង់ជម្រើសជាតិបារាំងរូបនេះ ដោយគ្មានតម្លៃខ្លួននៅកំឡុងពេលទីផ្សារដោះដូរខែសីហា៕