រកឃើញអាថ៌កំបាំងដែលនាំឲ្យដើមឈើមួយប្រភេទក្នុងប្រទេសចិនអាចរស់បានជាង១,០០០ឆ្នាំ

ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញពីអាថ៌កំបាំង ដែលនាំឲ្យដើមឈើ ginkgo អាចរស់បានរហូតដល់ជាង១,០០០ឆ្នាំ។ ការសិក្សាបានបង្ហាញថាដើមឈើប្រភេទនេះអាចផលិតធាតុគីមីការពារ ដែលអាចប្រឆាំងនឹងជំងឺនិងគ្រោះរាំងស្ងួត។ ហើយមិនដូចរុក្ខជាតិដទៃទៀត ពន្ធុ(ហ្សែន)របស់វាមិនងាយនឹងធ្លាក់ចុះ នៅពេលយុវភាពរបស់វាបានបញ្ចប់។ ដើមឈើ ginkgo អាចត្រូវបានឃើញនៅក្នុងឧស្យាននិងសួនច្បារជុំវិញពិភពលោក ប៉ុន្តែរុក្ខជាតិប្រភេទនេះបែរជាជិតផុតពូជនៅក្នុងព្រៃទៅវិញ។
ដើមឈើ ginkgo ក្នុងសួនប្រទេសចិន
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាមេរិកនិងចិនបានរួមសហការគ្នា ដើម្បីសិក្សាពីដើមឈើ ginkgo ដែលមានអាយុចន្លោះពី១៥ដល់៦៦៧ឆ្នាំ ដោយការកាប់ពុះវានិងបានធ្វើការវិភាគផ្នែកមួយចំនួនដូចជាកោសិកា សំបក ស្លឹក និងគ្រាប់របស់វា។ ពួកគាត់បានរកឃើញថា ទាំងដើមឈើថ្មីនិងចាស់គឺអាចផលិតធាតុគីមីការពារ ដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលអាចបង្កឡើងដោយជំងឺឬគ្រោះរាំងស្ងួត។ ធាតុគីមីការពារទាំងនេះរួមមានអុកស៊ីតកម្មប្រឆាំងនឹងអតិសុខុមប្រាណ និងអរម៉ូនរុក្ខជាតិដែលប្រឆាំងនឹងគ្រោះរាំងស្ងួតឬការគំរាមកំហែងពីបរិស្ថាននៅជុំវិញ។
ដើមឈើ ginkgo អាចផលិតធាតុគីមីការពារ ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ
ក្រៅពីមានស្ថេរភាពនៃការផ្គត់ផ្គង់សារធាតុចិញ្ចឹមដូចជាអាហារ ពន្លឺ និងទឹក សមត្ថភាពក្នុងការរស់នៅដល់អាយុដ៏អស្ចារ្យរបស់វា ត្រូវបានគេគិតថាមានទំនាក់ទំនងទៅនឹងអត្រាការលូតលាស់យឺត ការបន្សាំកោសិកា និងការការពារដែលមានការទាក់ទងនឹងឥទ្ធិពលបន្ទាប់បន្សំ ដូចជាសត្វល្អិតនិងជំងឺ គ្រោះធម្មជាតិ និងការបំផ្លិចបំផ្លាញសព៌ាង្គកាយរបស់វា៕