ស្រលាញ់គ្នាឱ្យដូចកាលគ្រាដំបូង កុំស្រលាញ់គ្នាបានតែមួយគ្រាដំបូង

មនុស្សសម័យនេះស្រលាញ់គ្នាបានត្រឹមចង់ឈ្នះ  ស្រលាញ់មួយឆាវ  ស្បថស្បែ  ស្ម័គ្រស្មោះបានតែដំបូងប៉ុណ្ណោះ ចង់រកមនុស្សល្អ ស្ម័គ្រស្មោះចំពោះគ្នាពិតប្រាកដពិតជាពិបាកណាស់។ការលេងសើចចំពោះស្នេហា​ មនោសញ្ចេតនា អារម្មណ៍ស្រលាញ់មួយឆាវនេះមិនមែនជារឿងដែលល្អឡើយ មិនថាជាមនុស្សប្រុស ឬស្រីក៏ដោយ កុំចេះតែយកស្នេហាមកលេងសើច ស្រលាញ់មួយដឹងមួយ ស្រលាញ់ហើយត្រូវតែស្មោះត្រង់ ស្រលាញ់គ្នាឱ្យដូចថ្ងៃដំបូង កុំស្រលាញ់គ្នាបានតែមួយគ្រាដំបូង មិនទាន់បានប៉ុន្មានផងក៏ចាប់ផ្ដើមបោះបង់គ្នាចោលទៅរកអ្នកថ្មីនោះ។
រូបតំណាង (Credit: tin_tinsirinmk)
ទម្រាំតែអាចបានជួបមនុស្សម្នាក់ដែលត្រូវចិត្ត ទម្រាំអាចទាក់ទងគ្នាដាក់ចិត្តស្រលាញ់គ្នា បានស្គាល់ចិត្តថ្លើមគ្នា សុទ្ធតែជានិស្ស័យដែលផ្ដល់ឱ្យមិនមែននៅសុខៗក៏មកជួប ឬអត់ចិត្តសោះក៏ស្រលាញ់គ្នានោះទេ។ ដូច្នេះបើបានជាស្រលាញ់គ្នាហើយមានចិត្តទាក់ទងគ្នាហើយ កុំធ្វើឱ្យទំនាក់ទំនងបានតែមួយគ្រានោះ គួរតែចេះថែរក្សាការពារ ស្មោះត្រង់ និងរក្សាចំណងឱ្យបានយូរអង្វែង ធំៗអស់ហើយកុំធ្វើដូចកូនក្មេង យកស្នេហាមកធ្វើជាល្បែងលេងសើចតាមតែចិត្តគឺមិនល្អទេ។
រូបតំណាង (Credit: MK_Family)
ធំៗអស់ហើយមិនមែនអាយុតិចទេ គួរចាប់ផ្ដើមស្នេហាមួយដែលច្បាស់លាស់នឹងគ្នា មានផែនការអនាគត និងគោលដៅជីវិតជាមួយគ្នា មិនមែនអារម្មណ៍ស្រលាញ់មួយគ្រា មួយឆាវ ព្រោះអាងថាបែកមួយយកមួយតាមចិត្តនោះឡើយ ត្រូវចាំថាយើងមិនមែនមានសំណាងបានជួបមនុស្សល្អរហូតនោះទេ ដូច្នេះបើបានជួបមនុស្សល្អហើយត្រូវរក្សាឱ្យបាន កុំឱ្យបែកបាក់នាំឱ្យស្ដាយទៅថ្ងៃក្រោយ៕
រូបតំណាង (Credit: JORDWPHOTO)
ខ្មែរឡូតសូមរក្សាសិទ្ធិ