ថ្ងៃនេះ គេយំចំពោះមុខយើង ក៏មិនប្រាកដថាថ្ងៃក្រោយ គេមិនធ្វើឱ្យយើងយំព្រោះតែគេនោះឡើយ

ស្រីៗត្រូវដឹងថា មនុស្សប្រុសសម័យនេះ ក៏ពូកែសម្ដែងណាស់ដែរ គេពូកែ គេអាចធ្វើបានគ្រប់យ៉ាង ដើម្បីឱ្យយើងទន់ចិត្ត ងប់ងល់ និងជឿជាក់លើគេ។មនុស្សប្រុសខ្លះ ស្រឡាញ់យើង ថ្នាក់ថ្នម ហួងហែងនឹងយើងពិតមែន តែជាក់ស្ដែង គេលះបង់ដើម្បីយើងបានតែដំបូងប៉ុណ្ណោះ។ ចិត្តមនុស្សប្រុស ប្រែប្រួលលឿនណាស់ បានថ្មីចោលចាស់ ជាសារជាតិរបស់មនុស្សប្រុសមួយចំនួនធំមិនខុសទេ គេស្រឡាញ់យើង គេលះបង់ដើម្បីយើង គេធ្វើល្អនឹងយើង ក៏ព្រោះតែដំបូងឡើយយើងល្អ យើងស្អាត តែពេលដែលគេបានចិត្ត​ បានខ្លួនយើងហើយ គេក៏នឹងលែងដូចមុន ទោះគេធ្លាប់យំចំពោះមុខយើង ក៏គ្មានអ្វីដែលអស្ចារ្យនោះដែរ។
ស្រីៗត្រូវចាំថា គេអាចនឹងយំដើម្បីយើង គេធ្លាប់យំនៅចំពោះមុខយើង តែគេក៏អាច ធ្វើឱ្យយើងយំព្រោះតែគេ ឈឺចាប់ ខូចចិត្តព្រោះតែគេទៅថ្ងៃណាមួយបានដូចគ្នា។ ដូច្នេះ ស្រឡាញ់គេបាន ជឿជាក់គេបាន តែអ្នកក៏ត្រូវតែរឹងមាំដោយខ្លួនឯង អ្នកត្រូវតែទុកចិត្ត ទុកបេះដូង ទុកការស្រឡាញ់ឱ្យខ្លួនឯងខ្លះផង កុំជឿជាក់លើគេរហូតដល់ភ្លេចគ្រប់គ្រងខ្លួនឯង កុំស្រឡាញ់គេខ្លាំងរហូតដល់ភ្លេចស្រឡាញ់ខ្លួនឯង។
កុំភ្លេចថា ស្រឡាញ់ប៉ុនណាក៏អាចក្បត់បាន ត្រឹមជាសង្សារក៏អាចបែកគ្នា ក្លាយជាគូដណ្ដឹងក៏អាចផ្ដាច់ពាក្យ ទោះបីជាប្ដីប្រពន្ធក៏អាចលែងលះគ្នាបានដែរ ដូច្នេះ អ្វីៗក៏អាចប្រួលប្រែ ផ្លាស់ប្ដូរបានគ្រប់ពេល។ មនុស្សដែលប្រុងក្បត់ គេអាចបំពានសម្បថរបស់ខ្លួនឯងបានដោយមិនខ្លាចអ្វីទាំងអស់ ទោះអ្នកស្រឡាញ់គេស្មោះ លះបង់អស់ពីខ្លួនដើម្បីគេ តែបើគេចង់ក្បត់ហើយនោះ ក៏មិនអាចឃាត់ចិត្តគេបានដែរ៕
ខ្មែរឡូតសូមរក្សាសិទ្ធិ