មិនថានៅលីវ ឬមានគូទេ សុទ្ធតែមានទុក្ខ ជួបបញ្ហា ឯកាដូចគ្នា បើយើងមិនចេះប្រើប្រាស់ជីវិតខ្លួនឯងនោះ

គេថា " នៅម្នាក់ឯងវាឯកា ល្អជាងមានស្នេហា​ មានតែបញ្ហាមានការឈឺចាប់ " ប៉ុន្តែសូមដឹងផងថា ការដែលមានជីវិត មិនថាអ្នកនៅម្នាក់ឯង ឬក៏រៀបការសាងគ្រួសារនោះទេ សុទ្ធតែប្រឈមមុខនឹងសេចក្ដីទុក្ខ ជួបបញ្ហា ឯកាដូចគ្នា​ បើអ្នកមិនចេះប្រើប្រាស់ជីវិតឱ្យបានល្អ និងត្រឹមត្រូវ។
រូបតំណាង
អ្នកខ្លះ គេនៅម្នាក់ឯងក៏ពិតមែន តែជីវិតគេក៏មានក្ដីសុខ សុភមង្គល ហើយជោគជ័យក្នុងជីវិត។ ចំណែកអ្នកខ្លះទៀត នៅលីវដូចគេដែរ តែជីវិតមានតែទុក្ខ ជួបតែបញ្ហា រឹតតែឯកា ជីវិតរឹតតែសោះកក្រោះ។ ឯអ្នកខ្លះទៀត រៀបការមានគូ គួរណាស់តែមានគ្នា ជីវិតកាន់តែល្អប្រសើរ តែផ្ទុយទៅវិញ ឯកា មានបញ្ហាជាងអ្នកនៅលីវទៅទៀត រៀបការដូចអត់រៀបការ មានគ្រួសារដូចអត់គ្រួសារ ផ្ទុយទៅវិញ កាន់តែមានបញ្ហាលើសដើម គឺបញ្ហានៃជីវិតគូ ជីវិតគ្រួសារនេះឯង។
រូបតំណាង
ជីវិតមានទុក្ខ ជួបបញ្ហា ឯកា ឬមិនឯកា មិនស្ថិតលើថា នៅម្នាក់ឯង ឬមានគ្រួសារនោះទេ គឺវាស្ថិតលើយើងខ្លួនឯង ចេះប្រើជីវិត យល់ពីអត្ថន័យនៃស្ថានភាពជីវិតខ្លួនឯងបានកម្រិតណា។ ជាមនុស្សមិនថានៅលីវ ឬមានគ្រួសារទេ ឱ្យតែចេះប្រើប្រាស់ជីវិតខ្លួនឯងឱ្យបានល្អ យល់ពីអត្ថន័យនៃជីវិតអ្នកនៅលីវ ឬមានគ្រួសារឱ្យបានល្អ និងត្រឹមត្រូវ នោះនឹងមិនមានបញ្ហា មិនឯកា មិនឈឺចាប់នោះឡើយ។
រូបតំណាង
កុំជឿពេលដែលឮគេថា " រៀបការទៅទើបលែងឯកា ... នៅម្នាក់ឯងវិញ កុំឱ្យជីវិតមានការឈឺចាប់ ឬជាប់កម្ម " អ្វីដែលសំខាន់ គឺយើងខ្លួនឯង រីករាយនឹងជីវិតនៅលីវ ឬក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគ្រួសារហើយឬនៅ? គិតគូរ ត្រិះរិះដោយខ្លួនឯង កុំចាំតែស្ដាប់ និងធ្វើតាមគំនិត និងសម្ដីរបស់អ្នកដទៃអី៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ