សូមកុំច្រឡំឲ្យសោះ! ពាក្យថា «វីរុសកូរ៉ូណា» មិនមែនជាឈ្មោះពិតរបស់ជំងឺរលាកផ្លូវដង្ហើមថ្មីនេះទេ ប៉ុន្តែឈ្មោះផ្លូវការរបស់វា នឹងត្រូវប្រកាស ក្នុងពេលឆាប់ៗនេះ

បរទេស៖ វីរុសដែលបង្កឲ្យមានការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ នៅមិនទាន់មានឈ្មោះហៅជាផ្លូវការ នៅឡើយទេ។ ហើយពាក្យថា «វីរុសកូរ៉ូណា» គ្រាន់តែជាឈ្មោះរបស់ក្រុមវីរុស ដែលជំងឺប្រភេទថ្មីនេះស្ថិតនៅតែប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏ត្រូវបានគេដាក់ឈ្មោះជាបណ្ដោះអាសន្នមួយថា «2019-nCoV»។ បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រជិតនឹងប្រកាសឈ្មោះផ្លូវការរបស់ជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ក្នុងពេលឆាប់ៗនេះ។
ប្រភពពី CDC៖ វីរុស2019-nCoV
សព្វថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានហៅវាថា «វីរុសកូរ៉ូណាប្រភេទថ្មី» គឺដើម្បីព្យាយាមបែងចែកឈ្មោះវីរុសថ្មីនេះ ឲ្យដាច់ពីប្រភេទជំងឺ ដែលមាននៅក្នុងក្រុមរបស់វា។ អង្គការសុខភាពពិភពលោកបានណែនាំឲ្យហៅវា 2019-nCoV ជាបណ្ដោះអាសន្នសិន ប៉ុន្តែឈ្មោះនេះមិនងាយស្រួលក្នុងការហៅនោះទេ ទើបប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនមួយចំនួនបានកំពុងប្រើឈ្មោះផ្សេងៗទៀត សម្រាប់វីរុសនេះ។ វាកាន់តែអាក្រក់ទៅទៀត នៅពេលដែលជំងឺនេះនៅមិនទាន់មានឈ្មោះហៅជាផ្លូវការ ហើយមនុស្សជាច្រើនបានចាប់ផ្ដើមហៅវាថា «វីរុសចិន» ដែលនេះបង្កើតជាប្រតិកម្មប្រឆាំងនឹងជនជាតិមួយ។
ការប្រើឈ្មោះមិនផ្លូវការផ្សេងៗ បានបង្កឲ្យមានបញ្ហាជាច្រើន
ចំពោះភារកិច្ចបន្ទាន់នៃការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសថ្មីនេះ គឺជាការទទួលខុសត្រូវរបស់ International Committee on Taxonomy of Viruses (ICTV)។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា យើងបានឃើញឈ្មោះជំងឺមួយចំនួន ដែលបង្កឲ្យមានប្រតិកម្មប្រឆាំងនឹងសមាជិកនៃសាសនាឬសហគមន៍ជនជាតិភាគតិច បង្កើតរបាំងដូចជាការធ្វើដំណើរ ពាណិជ្ជកម្ម និងការជួញដូរ ហើយបង្កឲ្យមានការកាប់សម្លាប់សត្វដែលស្លូតត្រង់ផងដែរ។
ការដាក់ឈ្មោះឲ្យវីរុសថ្មីនេះ គឺជាភារកិច្ចរបស់ ICTV
ជាលទ្ធផល វាបង្កើតបានជាគោលការណ៍ណែនាំមួយចំនួន។ ផ្អែកតាមគោលការណ៍ណែនាំទាំងនេះ ឈ្មោះផ្លូវការរបស់វីរុសកូរ៉ូណាប្រភេទថ្មី មិនគួររាប់បញ្ចូល៖·  ទីតាំងភូមិសាស្ត្រ·  ឈ្មោះមនុស្ស·  ឈ្មោះសត្វឬប្រភេទអាហារ·  ការយោងទៅលើវប្បធម៌ឬឧស្សាហកម្មជាក់លាក់ណាមួយឥឡូវនេះ គេកំពុងបញ្ជូនឈ្មោះផ្លូវការមួយនេះ ទៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ ដើម្បីបោះពុម្ពផ្សាយ ហើយសង្ឃឹមថានឹងប្រកាសវា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត៕