ក្រុមហ៊ុន Apple ត្រូវបានពិន័យជាប្រាក់ចំនួន២៧លានដុល្លារ ពីបទធ្វើឲ្យ iPhone ម៉ូដែលចាស់ៗ ដំណើរការយឺត

បារាំង៖ ក្រុមហ៊ុន Apple ត្រូវបានពិន័យជាប្រាក់ចំនួន២៧លានដុល្លារ ពីបទបន្ថយល្បឿនម៉ូដែល iPhone ចាស់ៗដោយចេតនា និងមិនបានផ្ដល់ដំណឹងច្បាស់លាស់ដល់អតិថិជន។ ការផាកពិន័យនេះ ត្រូវបានដាក់ដោយក្រុមឃ្លាំមើលការប្រកួតប្រជែងនិងការក្លែងបន្លំ DGCCRF របស់បារាំង ដែលបាននិយាយថា អតិថិជនមិនត្រូវបានគេជូនដំណឹង។ នៅឆ្នាំ២០១៧ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានបន្ថយល្បឿននៃទូរសព្ទ iPhone មួយចំនួន ប៉ុន្តែការធ្វើដូច្នេះ គឺដើម្បីពន្យារអាយុកាលរបស់ឧបករណ៍តែប៉ុណ្ណោះ។ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានដោះស្រាយជាមួយក្រុមឃ្លាំមើលរួចរាល់ហើយ។ អតិថិជនជាច្រើនបានសង្ស័យជាយូរមកហើយថា ក្រុមហ៊ុន Apple បានបន្ថយល្បឿននៃទូរសព្ទ iPhone ចាស់ៗ ដើម្បីជំរុញមនុស្សឲ្យផ្លាស់ប្ដូរ នៅពេលដែលទូរសព្ទថ្មីត្រូវបានបញ្ចេញលក់។
ការធ្វើឲ្យម៉ូដែល iPhone ចាស់ៗ ដំណើរការយឺតជាងមុន បានធ្វើឲ្យក្រុមហ៊ុន Apple រងការបោទប្រកាន់
កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Apple បានបញ្ជាក់ដែរថា ខ្លួនបានបន្ថយល្បឿននៃម៉ូដែលមួយចំនួន នៅពេលអាយុកាលរបស់ពួកវាកាន់តែចាស់ ប៉ុន្តែមិនបានជំរុញឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្ដូរនោះទេ។ Apple បានបន្តទៀតថា ថ្មលីចូមនៅក្នុងឧបករណ៍ទាំងនោះមានសមត្ថភាពតិចជាងមុន ក្នុងការផ្គត់ផ្គង់ថាមពលខ្ពស់ ខណៈអាយុកាលរបស់ពួកវាកាន់តែច្រើនផងដែរ។ ក្រុមអ្នកឃ្លាំមើលរបស់បារាំងបាននិយាយទៀតថា ម្ចាស់ iPhone មិនត្រូវបានគេជូនដំណឹង ពីការដំឡើងប្រព័ន្ធប្រតិបត្តិការ iOS 10.2.1 និង 11.2 ថាអាចធ្វើឲ្យឧបករណ៍របស់ពួកគេ មានដំណើរការយឺតនោះទេ។ Apple បានប្រព្រឹត្តិបទឧក្រិដ្ឋនៃការអនុវត្តពាណិជ្ជកម្មបោកបញ្ឆោត ដោយសេចក្ដីមិនទៀងត្រង់ ហើយក៏បានយល់ព្រមបង់ប្រាក់ពិន័យហើយដែរ៕