អីយ៉ា! អ្នកចូលចិត្តបង្កើតវីដេអូ នៅលើ IGTV របស់ Instagram ជិតដល់ពេលកើបលុយហើយ

បរទេស៖ ទីបំផុត Instagram អាចនឹងអនុញ្ញាតឲ្យតារារបស់ខ្លួន រកលុយដោយផ្ទាល់ ចេញពីមាតិការបស់ពួកគេ។ Instagram បានកំពុងតេស្តសាកល្បងកម្មវិធី Partner Program ដែលអនុញ្ញាតឲ្យអ្នកបង្កើតវីដេអូនៅលើ IGTV ទទួលបានប្រាក់កម្រៃ ពីការផ្សាយពាណិជ្ជកម្ម នៅលើវីដេអូរបស់ពួកគេ។ ផ្អែកតាមរូបភាពចេញពីគណនី Twitter Jane Manchun Wong បានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ IGTV នឹងអាចរកលុយបាន ដោយការផ្សាយពាណិជ្ជកម្មខ្លីៗ នៅលើវីដេអូ IGTV របស់ពួកគេ។ វាស្ដាប់ទៅស្រដៀងនឹងការផ្សាយពាណិជ្ជកម្ម mid-roll ads របស់ហ្វេសប៊ុក ដែលអ្នកបង្កើតវីដេអូ ទទួលបានប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម។ ហ្វេសប៊ុកដែលជាម្ចាស់គ្រប់គ្រង Instagram បានបង្កើតជម្រើសនៃការរកប្រាក់ដំបូង នៅលើកម្មវិធីហ្វេសប៊ុករបស់ខ្លួន ដូច្នេះវាក៏ជាឱកាសល្អ ក្នុងការដំណើរការមុខងារនេះនៅលើកម្មវិធី Instagram ដូចគ្នា។ រហូតមកដល់ពេលនេះ ប្រាក់ដែលអ្នកប្រើប្រាស់ Instagram អាចរកបាន គឺបានមកពីម្ចាស់ឧបត្ថម្ភនៃម៉ាកយីហោពីខាងក្រៅ ដែលពួកគេត្រូវបានគេជួលឲ្យផ្សព្វផ្សាយផលិតផល តាមរយៈរូបភាព នៅលើ IG។ ប៉ុន្តែ អ្នកលេងបណ្ដាញសង្គម Instagram អាចនឹងរងគ្រោះ ដោយសារអ្នកបោកប្រាស់និងពួកហេកឃ័រ ដែលអះអាងថា ផ្ដល់ជូនពួកគេនូវប្រាក់ចំណេញ ជារឿយៗ ។
នៅពេលខាងមុខនេះ អ្នកចូលចិត្តបង្កើតវីដេអូ នៅលើ IGTV អាចនឹងទទួលបានចំណូល ដូចកម្មវិធី Facebook ដែរហើយ
បើក្រឡេកមើលមួយភ្លែត វាហាក់ដូចជាចម្លែក ដែលថា Instagram កំពុងដំណើរការវានៅលើ IGTV ប៉ុន្តែបែរជាប៊ូតុងចុចចូលមុខងារ IGTV ត្រូវបានដកចេញពីទំព័រមេ ដោយសារមិនសូវមានអ្នកប្រើប្រាស់។ ការធ្វើដូច្នេះ គឺដើម្បីចង់ឲ្យអ្នកប្រើប្រាស់ស្វែងរកវីដេអូរបស់ IGTV តាមរយៈផ្នែក Discover និងផ្នែកផ្សេងៗទៀត នៅលើកម្មវិធី៕