មកមើលកាំជ្រួច ដែលមានទំហំធំជាងគេ នៅលើពិភពលោក និងបានបំបែកឯកទគ្គកម្មផងដែរ (មានវីដេអូ)

  • ច័ន្ទ ១០ កុម្ភៈ, ២០២០ ១០:០៨
អាមេរិក៖ ផ្ទៃមេឃក្នុងទីក្រុង Steamboat Springs នៃរដ្ឋ Colorado បានផ្ទុះឡើងជាពណ៌ក្រហម ខណៈពេលដែលកាំជ្រួចធំបំផុតរបស់ពិភពលោក បានបាញ់កាលពីថ្ងៃសៅរ៍ នៅឯពិធីបុណ្យ carnival រដូវរងាប្រចាំឆ្នាំរបស់ទីក្រុង។ សំបកកាំជ្រួចនេះមានទម្ងន់ជិត១.៤តោន ដែលជាទម្ងន់របស់រថយន្ត Toyota Corolla ហើយវាមានទំហំ១.៥ម៉ែត្រ ដែលមានអង្កត់ផ្ចឹតប្រហែល១.៥ម៉ែត្រដែរ។
កាំជ្រួចដែលមានទំហំធំជាងគេ នៅលើពិភពលោក
ក្រុមមកពី Steamboat Fireworks បានបាញ់កាំជ្រួចចេញពីបំពង់ដែកប្រវែងជិត៨ម៉ែត្រ នៅលើភ្នំ Emerald ដែលអាចមើលឃើញពីក្នុងពិធីបុណ្យបាន។ គ្រឿងផ្ទុះបានរុញច្រានសំបកចេញពីបំពង់ នៅក្នុងល្បឿន៤៨២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅពេលវាហោះបានកម្ពស់ជិត១.៦គីឡូម៉ែត្រ វាក៏បានផ្ទុះ។ អ្នកតំណាងរបស់កំណត់ត្រាពិភពលោក Guinness World Records បានចូលរួម ក្នុងពិធីបាញ់កាំជ្រួចនេះ និងបានប្រគល់វិញ្ញាបនប័ត្រ ទៅកាន់ក្រុមបាញ់កាំជ្រួច។ គួររម្លឹកផងដែរថា ម្ចាស់គ្រប់គ្រងឯកទគ្គកម្មពិភពលោកចាស់ សម្រាប់ការបាញ់កាំជ្រួចធំជាងគេ បានទៅលើប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅឆ្នាំ២០១៨ ដែលសំបកកាំជ្រួចមានទម្ងន់១.១៩តោន។
Guinness World Recordsបានប្រគល់វិញ្ញាបនប័ត្រ ទៅកាន់ក្រុមបាញ់កាំជ្រួច
លោក Tim Borden ដែលជាអ្នកគ្រប់គ្រងគម្រោងនិងហិរញ្ញវត្ថុ បានឆ្លើយប្រាប់សារព័ត៌មាន CNN ថា ក្រុមរបស់លោកបានប្រឹងប្រែងធ្វើការ ដើម្បីបំបែកឯកទគ្គកម្ម អស់រយៈពេល៧ឆ្នាំមកហើយ និងបានចំណាយពេលរាប់ពាន់ម៉ោង ដើម្បីបង្កើតកាំជ្រួចឲ្យកាន់តែធំឡើងៗ។ កាលពីឆ្នាំមុន ក្រុមនេះបានព្យាយាមបំបែកកំណត់ត្រា ប៉ុន្តែសំបកបានផ្ទុះលឿនពេក។
លោក Tim Borden ឈរជិតសំបកកាំជ្រួច ដែលក្រុមរបស់លោកបានបង្កើតឡើង
លោក Borden បានបន្តទៀតថា វាចំណាយពេលមួយខែ ប្រាំបីម៉ោង ក្នុងមួយថ្ងៃៗ ដើម្បីស្រោបកាំជ្រួចនេះ ហើយកាលពីឆ្នាំមុន ពួកគាត់គិតថា សំបកប្រហែលជាមិនក្រាស់ល្មម ដើម្បីទប់ទល់នឹងការផ្ទុះ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់ពិតជាសមបំណងមែន ហើយខ្សែវីដេអូបង្ហាញពីទិដ្ឋភាពកាំជ្រួច ដែលបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ និងបានបំភ្លឺផ្ទៃមេឃ​ នៅក្បែរជួរភ្នំ៕