សមាគមកុមារកំព្រាមួយកន្លែង ទទួលបានជំនួយយ៉ាងសន្ធឹកពីក្រុមសិល្បករ និង ក្រុមហ៊ុនថេនសៃ!

  • អង្គារ ១១ កុម្ភៈ, ២០២០ ០៨:៤៣
កណ្តាល៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សមាគមក្មេងកំព្រា ស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីរង្វង់មូលកួរស្រូវ  បានទទួលអំណោយយ៉ាងសន្ធឹកពីក្រុមតារាសិល្បៈមកពីគ្រួសារតារាកម្ពុជា និងសប្បុរសជន ជាពិសេសពីក្រុមហ៊ុនតែបៃតងថេនសៃ ដែលគៀរគរដោយក្រុមសិល្បៈមួយនេះ។ អំណោយទាំងនោះរួមមាន ភេសជ្ជៈតែបៃតងជិត៣០កេស  ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីខសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំចំណី និងថវិកាសរុបជិត៣លានរៀល។ ក្នុងនោះសប្បុរសជនដែលចូលរួមដោយផ្ទាល់ ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសូឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុងមួយខែ១,៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
អ្នកស្រី ប៉ូ ស្រូគង់ ប្រធានសមាគម ស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយអ្នកស្រីប្រាប់ថា នេះជាអំណោយទ្រង់ទ្រាយធំមួយ ដែលសមាគមខ្លួនទទួលបានតាមរយៈគ្រួសារតារាកម្ពុជា។ អ្នកស្រីថា ក្មេងៗដែលសុទ្ធសឹងតែឪពុកម្ដាយស្លាប់ចោល និងបោះបង់ចោលសរុបជាង៤០នាក់ នៅមានកង្វះខាតច្រើនណាស់ ជាពិសេសលើតម្រូវការក្នុងការសិក្សា ស្បែកជើង មធ្យោបាយទៅសាលា ថ្លៃព្យាបាលនៅពេលសមាជិកណាមួយឈឺ ថវិកាផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និងកន្លែងស្នាក់នៅរបស់ក្មេងៗជាដើមៗ។ អ្នកស្រីថាខ្លួនសុខចិត្តធ្វើនំលក់ឲ្យរោងចក្រ ដើម្បីជីវភាពក្មេងៗ ដោយមិនសុខចិត្តបិទសមាគមហើយឲ្យក្មេងៗតែលតោលត្រលប់ទៅស្រុកវិញឡើយ។ អ្នកស្រីសប្បាយចិត្តដែលគ្រួសារតារាកម្ពុជា យល់ព្រមទទួលសំណើររបស់ខ្លួន ហើយគៀរគរបានសប្បុរសជនផ្ដល់ជាជំនួយយ៉ាងច្រើន ដែលអ្នកស្រីមិននឹកស្មាននោះ។
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកនូវថវិកា១លានរៀល ភេសជ្ជៈថេនសៃ២៥កេស មី៦កេស ត្រីខមួយកេសធំ  និងទឹកត្រីទឹកស៊ីអ៊ីវ ជាច្រើនយួរជាមួយគ្រួសារតារាកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់សមាគមនេះ។ លោកថានេះជាលើកទី១ ដែលក្រុមហ៊ុនសហការជាមួយគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈទាំងនេះ រួមគ្នាទិញជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគជាច្រើនទៀត ធ្វើឲ្យជំនួយនៅក្នុងថ្ងៃនោះមានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការជាមួយគ្រួសារតារាកម្ពុជាឲ្យបានច្រើន ដើម្បីការងារសង្គម។
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និងមួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសូឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូនក្នុងមួយខែ១,៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើឲ្យជំនួយដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេសចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារនៃក្ដីស្រលាញ់មកដល់នោះផង៕
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា
សកម្មចុះយកជំនួយទៅប្រគល់ជូនសមាគមកុមារកំព្រា