កងកម្លាំងអវកាសរបស់អាមេរិក បាននិយាយថា ផ្កាយរណបរបស់រុស្ស៊ីកំពុងឃ្លាំមើល ផ្កាយរណបរបស់ខ្លួន

អាមេរិក៖ យោងតាមមេបញ្ជាការកងកម្លាំងអវកាសរបស់អាមេរិក ដែលជាកងកម្លាំងយោធាថ្មីបំផុត បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ីបានបង្ហាញឥរិយាបថមិនធម្មតានិងគួរឲ្យរំខាន នៃការតាមដានផ្កាយរណបរបស់អាមេរិក នៅក្នុងគន្លងគោចរ។ លោក John Raymond ដែលជាមេបញ្ជាការអវកាសអាមេរិកនិងជាប្រធានប្រតិបត្តិការអវកាសរបស់កងកម្លាំងអវកាស បាននិយាយនៅក្នុងសេចក្ដីថ្លែងការកាលពីថ្ងៃចន្ទថា កាលពីខែវិច្ឆិកា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបមួយ ដែលក្រោយមកទៀត ក៏បានបញ្ចេញផ្កាយរណបទី២របស់ខ្លួនមួយទៀត។
រូបតំណាងបង្ហាញពី សកម្មភាពឈ្លានពាន របស់ផ្កាយរណបរុស្ស៊ីមកលើអាមេរិក ដែលពណ៌ផ្កាឈូកតំណាងឲ្យផ្កាយរណបរុស្ស៊ី
លោកបានបន្តទៀតថា ផ្កាយរណបទាំងនេះបានកំពុងធ្វើចលនាយ៉ាងសកម្ម នៅក្បែរផ្កាយរណបរបស់រដ្ឋាភិបាលអាមេរិក និងមានឥរិយាបថស្រដៀងគ្នានឹងផ្កាយរណបមួយផ្សេងទៀតរបស់រុស្ស៊ី ដែលបានបង្ហោះក្នុងឆ្នាំ២០១៧ ហើយជាផ្កាយរណបដែលរដ្ឋាភិបាលរុស្ស៊ីបានកំណត់ថាជា «ផ្កាយរណបអធិការកិច្ច»។ ការអត្ថាធិប្បាយរបស់លោក Raymond គឺជាសេចក្ដីថ្លែងការណ៍សំខាន់ដំបូងបង្អស់ពីលំហអាកាស ហើយកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអ្វីដែលពួកសត្រូវកំពុងធ្វើនៅលើអវកាស និងជាមូលហេតុមួយដែលសហរដ្ឋអាមេរិកបានបើកកងកម្លាំងយោធាថ្មីដំបូង ចាប់តាំងពីឆ្នាំ១៩៤៧ ក្នុងខែធ្នូ។
លោក John Raymond
រដ្ឋបាលរបស់លោក Trump បានស្នើសុំថវិកាចំនួន១៨ពាន់លានដុល្លារ សម្រាប់កងកម្លាំងអវកាសនិងសកម្មភាពអវកាសផ្សេងៗ កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃថវិការបស់មន្ទីរបញ្ចកោណ។ លោក Yleem D.S. Poblete ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកត្រួតពិនិត្យសព្វាវុធ ការផ្ទៀងផ្ទាត់ និងការអនុវត្តតាម បានប្រាប់សន្និសីទថា សកម្មភាពរបស់ផ្កាយរណប២០១៧របស់រុស្ស៊ីនៅលើគន្លងគោចរ ហាក់ដូចជាមិនប្រក្រតី ជាមួយអ្វីៗដែលគេធ្លាប់ឃើញពីមុនមក ដូចជាតាមរយៈ ការត្រួតពិនិត្យនៅលើគន្លងគោចរ ឬសមត្ថភាពយល់ដឹងអំពីស្ថានភាពលើអវកាស រួមទាំងសកម្មភាពផ្កាយរណបត្រួតពិនិត្យផ្សេងទៀតរបស់រុស្ស៊ី៕