សម្តេចហ៊ុន សែន ស្នើកូរ៉េឲ្យជួយសង់ស្ពានឆ្លង ដោយថា «កម្ពុជា-កូរ៉េ​មិនទាន់​មាន​ស្ពានមិត្ត​ភាពនៅឡើយ»

  • អង្គារ ១១ កុម្ភៈ, ២០២០ ១១:២៨
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បាន​ស្នើសុំប្រធានាធិបតីកូរ៉េ ឲ្យសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ​ពីតំបន់​ជ្រោយ​ចង្វារ ទៅកាន់ស្វាយជ្រុំ និងតំបន់អរិយក្ស ខណៈកម្ពុជា និងកូរ៉េនៅមិនទាន់មានស្ពានមិត្តភាព​កម្ពុជា-កូរ៉េនៅ​ឡើយទេ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ។ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំបាននិយាយផ្ទាល់ជាមួយឯកឧត្ដម មូនជេ អ៊ីន ប្រធានាធិបតីសាធារណរដ្ឋ​កូរ៉េតែម្តង ខ្ញុំថាឯកឧត្តម កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន  ស្ពានមិត្តភាពកម្ពុជា-ចិន។ ក៏ប៉ុន្តែនៅមិន​ទាន់មាន​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ។” នាយករដ្ឋមន្ត្រីបន្ត​ថា នៅចុងខែកុម្ភៈខាងមុខ ប្រធានអង្គការ KOICA នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយនឹងទៅ​មើលកន្លែងសាងសង់ស្ពានតែម្តង ព្រោះថាឥឡូវនឹងតំបន់អរិយក្ស ជាតំបន់ដែល​អភិវឌ្ឍន៍។ សម្តេចថា កូរ៉េបានផ្តល់​កម្ចីហិរញ្ញប្បទានមកកម្ពុជា​ឆ្នាំ២០១៩-២០២៣ចំនួន៧០០លានដុល្លារ។ ដូច្នេះថវិកាទាំងនោះ ជាចំណុចអាទិភាព​ដល់កម្ពុជា​ដើម្បីស្នើសុំបែងចែកថវិកានៃឥណទានសម្រាប់ផ្តល់កម្ពុជាលើគម្រោងស្ពាននោះតែម្តង។  ជាមួយគ្នានោះដែរ សម្តេចបានបន្ថែមថា បើប្រជាកសិករ ធ្វើការផលិត និង​ទទួល​​បានផលហើយ តែគ្មានផ្លូវដឹក​ជញ្ជូនទេ ក៏មិនអាចដោះស្រាយបានទេសម្រាប់ជីវភាព​ប្រជា​ជននោះ។សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មាន​ប្រ​វែ​ងសរុប ៧​២,១៧គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរ​ចំ​ប​ក់​ មា​ន​ប្រ​វែ​​ង ៦២,៥៦គីឡូម៉ែត្រ (ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៥,៤គីឡូម៉ែត្រ ខេត្ត​កណ្ដា​ល​ប្រ​វែ​ង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ​លេខ​២២​ ពីអូរ​ចំ​ប​ក់​ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ។ គម្រោងនេះគ្រោង​ចំណាយ​​ថ​វិ​កាស​រុប​ប្រ​មា​ណ ៥៦,១លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ រួមជាមួយ​ថ​វិ​កា​​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះ​ស្រាយ​ផលប៉ះពាល់ ការ​បោ​​សសម្អាត​​មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ៕