វៀតណាម​​រកឃើញ អ្នកឆ្លងវីរុសកូរ៉ូណា​​ទៀតហើយ​ ក្នុងនោះ​មានទារកដែលទើបតែកើតបាន​ ៣ ខែ

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៣:២៤
​វៀតណាម៖ ទារកម្នាក់នៅក្នុងប្រទេសវៀតណាម ដែលទើបតែចម្រើនវ័យបាន ៣ ខែ ត្រូវ​បានក្រុមវេជ្ជបណ្ឌិតនៅទីនោះ​ធ្វើតេស្តរកឃើញ​ថាបានឆ្លងវីរុសកូរ៉ូណា ដែលនាំឱ្យចំនួនអ្នកឆ្លង​សរុបនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១៥ នាក់។
ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវូហាន ​បានដើរបីកូនខណៈពេលមកដល់ប្រទេសកំណើត
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានឱ្យដឹង​ថា ទារក​ដែលទើបតែមានវ័យ៣ខែនេះ បានឆ្លងវីរុសកូរ៉ូណាពីជីដូន។ យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ជីដូនរបស់ទារកដែលទើបនឹងកើតនេះ ​បានឆ្លងវីរុស​កូរ៉ូណាកាលពីថ្ងៃទី ៩ ខែកុម្ភៈ។  ហើយក្នុងនោះដែរ អ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១០នាក់ ត្រូវបានគេធ្វើតេស្តរកឃើញ​នៅភាគខាងជើងខេត្ត Vinh Phuc។
​អ្នកជំងឺឆ្លងវីរុសកូរ៉ូណា កំពុងទទួលការព្យាបាលនៅមន្ទីពេទ្យប្រទេសវៀតណាម
ស្របពេល​ដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចេះតែបន្តកើនឡើង អាជ្ញាធរនៅក្នុងប្រទេសវៀតណាម​បាន​ចេញវិធានការណ៍ថ្មី និង​រៀប​ចំឱ្យរស់នៅដាច់ដោយឡែកគ្នាចំពោះពលរដ្ឋរបស់ខ្លួនរាប់រយនាក់ ដែលទើបវិលត្រឡប់ពីប្រទេសចិន ក្នុងនោះមាន ​៩៥០នាក់ នៅជំរុំយោធាខាងក្រៅទីក្រុងហាណូយ និង ៩០០ នាក់ផ្សេងទៀត នៅ​កំពុងស្នាក់នៅ​កន្លែងបណ្តោះអាសន្នតាមព្រំដែន វៀតណាម-ចិន។
ក្រុមវេជ្ជបណ្ឌិតដែលបំរើការនៅក្នុងមន្ទីពេទ្យទីក្រុងហូជីមិញ
គួរបញ្ជាក់ផងដែរថា ក្រៅពីវីរុសកូរ៉ូណា ប្រទេស​វៀតណាមក៏កំពុងប្រឈម​នឹងបញ្ហាផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N6 ដែលត្រូវបានរកឃើញនៅកសិដ្ឋានជាច្រើននៅខេត្តភាគខាងជើង​របស់ខ្លួន។ ​ហើយ​អាជ្ញាធររបស់ប្រទេស វៀតណាមបានចេញប្រកាស ប្រមូលចាប់សត្វបក្សីរាប់ពាន់ក្បាលចេញពីកសិដ្ឋាន​​ជាច្រើន​ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ៕
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១៥