ពិតជាមិនធម្មតា! កសិករម្នាក់បានរកឃើញ បំណែកផូស៊ីល នៃដាយណូស័រប្រភេទថ្មី

កាណាដា៖ ឥឡូវនេះ ដាយណូស័រ Tyrannosaurus rex ដែលជាស្ដេចដាយណូស័រ បានទទួលសមាជិកគ្រួសារថ្មី។ បំណែកនៃលលាដ៍ក្បាលផូស៊ីល ដែលជាប្រភេទថ្មីនៃពូជ tyrannosaur ត្រូវបានរកឃើញនៅភាគខាងត្បូង Alberta ប្រទេសកាណាដា។ បើយោងតាមការចេញផ្សាយពីសារមន្ទីរ Royal Tyrrell នៅ Alberta ជាកន្លែងដែលផូស៊ីលមួយនេះនឹងត្រូវបានបង្ហាញនៅចុងឆ្នាំនេះ បានបញ្ជាក់ប្រាប់ថា លោក John De Groot ដែលជាកសិករនិងជាអ្នកមានចំណេះដឹងខាងផ្នែកផូស៊ីល បានរកឃើញផូស៊ីលមួយនេះ។
បំណែកផូស៊ីលដែលគេរកឃើញ
វាជាប្រភេទ  tyrannosaur ថ្មីដំបូងបំផុត ដែលត្រូវបានគេរកឃើញ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ និងជាប្រភេទសត្វ tyrannosaur ចំណាស់ជាងគេ ដែលត្រូវបានរកឃើញ នៅអាមេរិកខាងជើង។ ហើយក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ប្រភេទ Thanatotheristes degrootorum ដែលរស់នៅប្រហែល២.៥លានឆ្នាំមុន អាចនឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយប្រភេទ Tyrannosaurus rex នេះឯង។
លោក John De Groot កាន់ផូស៊ីល ដែលគាត់បានរកឃើញ
ផូស៊ីលដាយណូស័រដ៏សម្បូរបែបត្រូវបានគេរកឃើញ នៅក្នុងប្រទេសកាណាដា ជាពិសេសនៅតំបន់ Alberta ក្នុងប៉ុន្មានឆ្នាំនេះ។ ហើយវាក៏ជាជម្រករបស់សារមន្ទីរ Royal Tyrell of Paleontology ដែលជាសារមន្ទីរតែមួយគត់របស់កាណាដា ដែលផ្ដោតសំខាន់លើការស្រាវជ្រាវជីវិតពីបុរាណ។ ផូស៊ីលដែលទើបតែរកឃើញថ្មីៗនេះ មានភ្ជាប់ទំនាក់ទំនងជាមួយប្រភេទ tyrannosaurs ដទៃទៀត ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកាណាដា មានដូចជាប្រភេទ Daspletosaurus, Gorgosaurus, Albertosaurus និង Tyrannosaurus rex។ របកគំហើញផូស៊ីលនេះ ក៏អាចជួយឲ្យក្រុមអ្នកស្រាវជ្រាវកំណត់ថា ក្រុមផ្សេងៗទៀតនៃប្រភេទ tyrannosaur បានរស់នៅពាសពេញទ្វីបអាមេរិកខាងជើង ដោយបានបំបែកខ្លួនចេញពីគ្នា ក្នុងកំឡុងសម័យ Cretaceous ចន្លោះពី៧៤ទៅ៨០លានឆ្នាំមុន៕