ក្លិបណាមួយហ៊ាន? កុំឲ្យរញ៉េរញ៉ៃច្រើន Man UTD ដាក់តម្លៃខ្លួន Pogba ថ្លៃកប់ពពក

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៥:០៣
អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានដាក់តម្លៃខ្លួនចំនួន ១៤៨លានផោនសម្រាប់កីឡាករខ្សែបម្រើ Paul Pogba ចំពោះក្លិបណាដែលចាប់អារម្មណ៍ចង់បាន នេះបើតាមសេចក្ដីរាយការណ៍។
កីឡាករPaul Pogba
កីឡាករជម្រើសជាតិបារាំងបង្ហាញខ្លួននៅរដូវកាលនេះបានត្រឹមតែ៨ប្រកួតប៉ុណ្ណោះដោយសារតែមានបញ្ហារបួស ខណៈព័ត៌មាននៃការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបយក្សអេស្ប៉ាញ Real Madrid នៅតែបន្តលេចឮ។ កាលពីរដូវក្ដៅឆ្នាំមុន Pogba គឺជាគោលដៅយ៉ាងសំខាន់របស់ Real Madrid និងអតីតក្លិបរបស់គេ Juventus ប៉ុន្តែពេលនោះបិសាចក្រហមបានទាមទារតម្លៃខ្លួនខ្ពស់ពេកដែលធ្វើឲ្យការផ្ទេរមិនអាចកើតឡើងទៅបាន។ តម្លៃខ្លួនដែល Man UTD ចង់បានពីការលក់ Pogba នៅពេលនោះគឺចំនួន ១៦៩លានផោន។
កីឡាករ Paul Pogba
ប្រភពពីសារព័ត៌មានអេស្ប៉ាញ AS បានឲ្យដឹងថាពេលនេះក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យកាលបានបើកភ្លើងខៀវក្នុងការអនុញ្ញាតឲ្យ Pogba ចាកចេញពីកីឡដ្ឋាន Old Trafford ដោយបានទម្លាក់តម្លៃខ្លួនមកត្រឹម ១៤៨លានផោន។ គួរឲ្យដឹងផងដែរថា នៅកំឡុងពេលនេះ Pogba កំពុងតែសម្រាកព្យាបាលរបួសកជើងដែលត្រូវការពេលវេលាយូរក្នុងការជាសះស្បើយ ១០០% មកវិញ ហើយគេក៏អវត្តមានក្នុងការរួមដំណើរជាមួយមិត្តរួមក្រុមទៅបោះជំរុំហ្វឹកហាត់នៅប្រទេសអេស្ប៉ាញនៅពេលខាងមុខផងដែរ៕
កីឡាករ Paul Pogba