មានក្លិបធំៗ៤នៅ PL ចង់បាន តែ ​Coutinho ប្រាប់ Barca ថាចង់លេងឲ្យក្លិបមួយនេះ

  • អង្គារ ១១ កុម្ភៈ, ២០២០ ១៦:០៦
អេស្ប៉ាញ៖ យោងតាមការផ្សាយរបស់វិទ្យុ Catalunya Ràdio របស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងថាខ្សែបម្រើឆ្នើម Philippe Coutinho មិនចង់ត្រឡប់ទៅកាន់ក្លិបនៅតំបន់កាតាឡាន់វិញនោះទេ នៅពេលកិច្ចសន្យាខ្ចីជើងរបស់គេនៅ Bayern Munich នឹងបញ្ចប់នៅប៉ុន្មាន៤ខែទៀតនេះ។ប្រភពខាងលើបានបន្ថែមទៀតថា Coutinho  បានប្រាប់ទៅកាន់ផ្នែករដ្ឋបាលរបស់ក្លិប Barcelona ថាគេចង់បន្តស្នាក់នៅ Bayern Munich។ ជាមួយគ្នានេះដែរផ្នែករដ្ឋបាលរបស់ក្លិប Barca បានទាក់ទងទៅកាន់ក្លិប​ Bayern ពិភាក្សាគ្នាអំពីអនាគតរបស់គាត់ ប៉ុន្តែក្លិបយក្សអាល្លឺម៉ង់ឆ្លើយតបមកវិញថា មិនទាន់សម្រេចចិត្តនៅឡើយទេ។
កីឡាករ Philippe Coutinho
ហើយកាលពីម្សិលមិញសារព័ត៌​មានកីឡាដ៏ធំនៅអឺរ៉ុប គឺកាសែតThe Sun  បានចុះផ្សាយថា Barcelona មានគម្រោងបញ្ចេញ Coutinho នៅរដូវក្ដៅខាងមុខ ដោយបានទម្លាក់តម្លៃខ្លួនខ្សែបម្រើវ័យ២៧ឆ្នាំ នៅសល់ត្រឹម៧៧លានផោនប៉ុណ្ណោះ (ប្រមាណ៩៩លានដុល្លារ)។ជម្រើសជាតិប្រេស៊ីលរូបនេះ ផ្ទេរមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ កាលពីឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ១៤៥លានផោន(ប្រហែល១៨៧លានដុល្លារ) ខណៈក្លិបដែលមានចំណាប់អារម្មណ៍ចង់បានរូបគេ រួមមានក្លិបបិសាចក្រហម Manchester United, Chelsea, Tottenham Hotspur និងក្លិបចាស់របស់គេហង្សក្រហម Liverpool។
Philippe Coutinho
គួរឲ្យដឹងដែរថា​ Coutinho ត្រូវបានក្លិប Barcelona ដាក់ឲ្យក្រុម Bayern Munich ខ្ចីកាលពីខែសីហាឆ្នាំមុន។ យ៉ាងណាមិញ ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យក្លិបជើងឯក Bundesliga បាន២៧ប្រកួត ស៊ុតបញ្ចូលទីបាន៧គ្រាប់និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៨ដង៕