កុំចេះតែហ៊ានលោកគ្រូ! គ្រូធំជម្រើសជាតិវៀតណាម ត្រូវ AFC ពិន័យមិនឲ្យចូលទីលានចំនួន៤ប្រកួត និងពិន័យជាសាច់ប្រាក់ចំនួន….

  • ពុធ ១២ កុម្ភៈ, ២០២០ ០៩:៣៧
វៀតណាម៖ លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី ហៅកាត់ថា AFC ពិន័យព្យួរឈ្មោះមិនឲ្យចូលទីលានចំនួន៤ប្រកួត ដោយសារមានបញ្ហាជាមួយមន្រ្តីអាជ្ញាកណ្ដល កំឡុងការប្រកួតព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ហេតុការណ៍នោះកើតឡើង ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ក្នុងជំនួបរវាងក្រុមជម្រើសជាតិវៀតណាមទល់នឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ កំឡុងពេលប្រកួតនោះ កីឡាកររបស់ ឥណ្ឌូនេស៊ី បានទាក់ជើងកីឡាករវៀតណាមដើម្បីប្រជែងយកបាល់ តែអាជ្ញាកណ្ដាលមិនបានចាត់វិធានការទៅលើកំហុសនោះទេ ជាហេតុធ្វើឲ្យលោក Park ប្រតិកម្មមិនពេញចិត្តនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលលើទីលាន។
លោក Park បានមានទំនាស់ពាក្យសម្ដីនិងប្រើពាក្យមិនសមរម្យទៅលើមន្រ្តីអាជ្ញាកណ្ដាលទី៤ ដែលជាអ្នកជួយសម្របសម្រួលការប្រកួត ហើយបន្ទាប់មកអាជ្ញាកណ្ដាលលើទីលាន ក៏សម្រេចផ្ដល់កាតក្រហម បណ្ដេញលោកចេញពីការប្រកួតតែម្ដង។
លោក Park ពេលទទួលកាតក្រហម
បើទោះបីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងមិនបាននៅដឹកនាំក៏ដោយ ប៉ុន្តែពេលបញ្ចប់ការប្រកួត កូនក្រុមរបស់លោក នៅតែអាចយកឈ្នះក្រុម ឥណ្ឌូនេស៊ី ក្នុងលទ្ធផល៣-០ ទទួលបានមេដាយមាស វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ។ចំពោះកំហុសរបស់លោក Park ខាង AFC បានកត់សម្គាល់ថា លោកបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថទៅលើមន្រ្តីអាជ្ញាកណ្ដាល ដែលចាត់ទុកថាជាការរំលោភបំពានធ្ងន់ធ្ងរត្រូវផ្តន្ទាទោសដោយការបណ្តេញចេញ ស្ថិតក្នុងមាត្រាទី៤៧ ច្បាប់នៃក្រមវិន័យ និងក្រមសីលធម៌របស់​ AFC។
លោកPark Hang-seo
លោក Park ត្រូវបាន AFC ព្យួរឈ្មោះមិនឲ្យចូលទីលានចំនួន៤ប្រកួត សម្រាប់ការប្រកួតមិត្តភាព រាប់បញ្ចូលទាំងការបណ្ដេញចេញក្នុងការប្រកួតរវាង ក្រុមឥណ្ឌូនេស៊ីនឹង វៀតណាម នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្វឹកវ័យ៦២ឆ្នាំ ត្រូវបង់ពិន័យជាប្រាក់សុទ្ធចំនួន៥ពាន់ដុល្លារថែមទៀតផង៕