តទៅ យើងនឹងប្រើឈ្មោះ «កូវីដ-១៩» (COVID-19) ជំនួសឲ្យឈ្មោះ «វីរុសកូរ៉ូណាប្រភេទថ្មី»

  • ពុធ ១២ កុម្ភៈ, ២០២០ ០៩:៣០
ស្វីស៖ អង្គការសុខភាពពិភពលោកទើបតែប្រកាសឈ្មោះផ្លូវការមួយ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេហៅថា «COVID-19»។ លោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវថា «ឥឡូវនេះ យើងមានឈ្មោះសម្រាប់ជំងឺនេះ ហើយវាគឺជា COVID-19»។ បច្ចុប្បន្ននេះ អ្នកស្លាប់ដោយសារវីរុសឆ្លងបានកើនឡើងដល់១,០០០នាក់ ហើយចំណែកមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត​ បានឆ្លងវីរុសថ្មីមួយនេះ។
លោកTedros Adhanom Ghebreyesus
លោក Ghebreyesus បានអំពាវនាវឲ្យពិភពលោក ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ តាមដែលអាចធ្វើទៅបាន។ ពាក្យថា «វីរុសកូរ៉ូណា» គ្រាន់តែជាឈ្មោះរបស់ក្រុមវីរុស ដែលជំងឺប្រភេទថ្មីនេះស្ថិតនៅតែប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវ រកឈ្មោះផ្លូវការមួយសម្រាប់ជំងឺថ្មីនេះ ដើម្បីចៀសវៀងការភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់ក្រុមឬប្រទេសណាមួយ។
វីរុសរបស់ជំងឺ កូវីដ-១៩ (COVID-19)
ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍បន្តថា «យើងត្រូវរកឈ្មោះដែលមិនសំដៅទៅលើ ទីតាំងភូមិសាស្ត្រ សត្វ បុគ្គលឬក្រុមមនុស្ស ហើយវាស្រួលអាន និងមានជាប់ទាក់ទងទៅនឹងជំងឺនេះ»។ «ការដាក់ឈ្មោះមានសារសំខាន់ ក្នុងការការពារការប្រើឈ្មោះផ្សេងទៀត ដែលអាចមិនត្រឹមត្រូវ ឬធ្វើឲ្យមានបញ្ហា។ វាក៏ផ្ដល់ឲ្យយើងនូវ ទម្រង់ស្ដង់ដារមួយ ដើម្បីប្រើសម្រាប់ការផ្ទុះឡើងនៃជំងឺឆ្លងនានា ក្នុងពេលអនាគតផងដែរ»។
ការប្រើឈ្មោះមិនផ្លូវការផ្សេងៗ បានបង្កឲ្យមានបញ្ហាជាច្រើន
គួររម្លឹកផងដែរថា គោលការណ៍ណែនាំមួយចំនួន ដែលគេប្រើសម្រាប់ដាក់ឈ្មោះផ្លូវការរបស់វីរុសកូរ៉ូណាប្រភេទថ្មី មិនគួររាប់បញ្ចូល៖ ·  ទីតាំងភូមិសាស្ត្រ·  ឈ្មោះមនុស្ស·  ឈ្មោះសត្វឬប្រភេទអាហារ·  ការយោងទៅលើវប្បធម៌ឬឧស្សាហកម្មជាក់លាក់ណាមួយជាលទ្ធផល ពួកយើងទទួលបានឈ្មោះផ្លូវការមួយសម្រាប់ជំងឺរលាកផ្លូវដង្ហើមថ្មី ដែលត្រូវបានគេហៅថា COVID-19 (កូវីដ-១៩) នេះឯង។ ពាក្យ COVID-19 បានមកពីពាក្យ៖·  CO = Corona·  VI = Virus·  D = Disease ៕
ឈ្មោះផ្លូវការរបស់វីរុសកូរ៉ូណាប្រភេទថ្មី ប្រកាសដោយ WHO