អីយ៉ាស! Liverpool ចូលខ្លួនមកប្រជែងក្លិបធំៗ៥ ក្នុងការចែចូវខ្សែការពារកណ្ដាលវ័យក្មេងម្នាក់

  • ពុធ ១២ កុម្ភៈ, ២០២០ ១០:៥៤
អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានចូលខ្លួនមកប្រជែងជាមួយក្លិប៥ផ្សេងទៀតក្នុងការនាំយកខ្សែការពារកណ្ដាលរបស់ក្លិប Hellas Verona កីឡាករ Marash Kumbulla។
កីឡាករ Marash Kumbulla
កីឡាករវ័យ២០ឆ្នាំ Kumbulla ត្រូវបានតម្លើងមកកាន់ក្រុមធំរបស់ Verona នៅរដូវកាលនេះ និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបង្ហាញខ្លួនក្នុងក្របខណ្ឌ Serie A បានចំនួន ១៧ប្រកួត និងជួយឲ្យក្រុមរបស់គេឈរនៅចំណាត់ថ្នាក់លេខ៦បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី២៣។ ទម្រង់លេងដ៏លេចធ្លោរបស់ Kumbulla បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាក្លិបធំៗនៅអឺរ៉ុបមួយចំនួនមកលើរូបគេដោយកាលពីទីផ្សារខែមករាកន្លងទៅ Manchester United និង Everton សុទ្ធតែបានដាក់ការចង់បានមកលើរូបគេ។
កីឡាករ Marash Kumbulla
លើសពីនេះទៅទៀត Manchester City ក៏ត្រូវបានគេដឹងថាជាបេក្ខភាពមួយដែលចង់បាន Kumbulla ផងដែរ ហើយបើតាមសារព័ត៌មានអ៊ីតាលី Gazzetta dello Sport ក្លិបជើងឯក UCL រដូវកាលមុន Liverpool ក៏បានបង្ហាញការចង់បានដូចគ្នាមកលើ Kumbulla។ក្លិប Verona រំពឹងថានឹងអាចលក់ចេញខ្សែការពាររូបនេះក្នុងតម្លៃទាបបំផុតយ៉ាងហោចណាស់២៥លានផោន ស្របពេលដែលដំណឺងល្ហិចល្ហៀងមួយចំនួនក៏បានលាន់ឭមកថា Inter Milan និង Dortmund ក៏ចាប់អារម្មណ៍កីឡាករជម្រើសជាតិអាល់បានីរូបនេះដូចគ្នា។ គួរឲ្យដឹងផងដែរថា យុវជនដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់ Verona កីឡាករ Kumbulla ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិអាល់បានីអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៩ឆ្នាំ អាយុក្រោម២១ឆ្នាំ និងចុងក្រោយបង្អស់នេះគេត្រូវបានកោះហៅចូលក្នុងក្រុមធំថែមទៀតផង៕
កីឡាករ Marash Kumbulla (អាវលឿង)