៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់!

  • សុក្រ ១៤ កុម្ភៈ, ២០២០ ០៨:៣៨
មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ម៉ាក់​ប៉ាប្រើ​ក្នុង​ការ​ចិញ្ចឹមបីបាច់កូន ដើម្បី​ឲ្យ​គេ​មាន​ចំណេះ​ដឹង ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម។ ទោះ​ជា​យើង​ប្រើ​វិធីសាស្ត្រ​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​ដើរ​តាម​ចំណុច​ខាង​ក្រោម​នេះ​ដែរ នោះ​ទើប​ក្លាយ​ជា​ឪពុកម្តាយ​ដ៏​អស្ចារ្យ​សម្រាប់​កូន នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា នៅ​ក្នុងសិក្ខា​សាលា​ស្តី​ពី “វិធីសាស្ត្រ​ដើម្បី​ក្លាយ​ជា​មាតា​បិតា​ដ៏​អស្ចារ្យ” រៀបចំ​ដោយ Peng Huoth Group។

១. ស្រលាញ់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ

នាម​ជា​ឪពុក​ម្តាយ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​បាន​ស្មើៗ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ទ្រព្យសម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​ទេ ការ​យក​បេះដូង​ទៅ​ឲ្យកូន តាម​រយៈការ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ដូចជាឱប ថើប ចំណាយ​ពេល​វេលា​ផ្សេង​ជាមួយ​កូន នោះ​កូនយើង​នឹង​មាន​ភាព​កក់​ក្តៅ មាន​អារម្មណ៍​ល្អ ស្រលាញ់​យើង​កាន់​តែ​ខ្លាំង​ឡើង។

២. លើក​សរសើរ​កូន

ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ កម្លាំង​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​លើក​សរសើរ​កូន​​គ្រប់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​កូន​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ ទោះ​ជា​បាន​លទ្ធផល​ល្អ ឬ​មិន​ល្អ​ក៏​ដោយ។ ការ​លើក​សរសើរ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រួញរា ហើយ​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ។

៣. ព្រម​ទទួល​គ្រប់​យ៉ាង​ពី​កូន

ទោះ​ជា​កូន​យើង​កើត​មក​មាន​សភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ស្រលាញ់ និង​ព្រម​ទទួល​គ្រប់​យ៉ាង ឧទាហរណ៍​ថា កូន​យើង​កើត​មក​មិន​គ្រប់​លក្ខណៈ កើត​មក​ទោះ​ទាប ឬ​ខ្មៅ​ក៏​ដោយ ក៏​នៅ​តែ​ជា​កូន​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​អស់​បេះដូង និង​កុំ​ប្រៀប​ធៀប​កូន​ជា​អ្នក​ដទៃ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet