ចូលរួមសោកស្ដាយផង! ករណីស្លាប់ដំបូងគេ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងប្រទេសជប៉ុន បានកើតទៅលើ លោកយាយអាយុ៨០ឆ្នាំ

  • សុក្រ ១៤ កុម្ភៈ, ២០២០ ០៩:៥៨
ជប៉ុន៖ ប្រទេសជប៉ុនបានប្រកាស ពីករណីស្លាប់ដំបូងបំផុតរបស់ខ្លួន ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Katsunobu Kato បាននិយាយថា អ្នកស្លាប់ដំបូងគេ គឺស្ត្រីអាយុ៨០ឆ្នាំ ដែលបានចូលមន្ទីរពេទ្យ តាំងពីថ្ងៃទី១ ខែកុម្ភៈ ហើយលោកយាយត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានជំងឺរលាកសួត។ លោកបានបន្តទៀតថា ការធ្វើរោគវិនិច្ឆ័យរបស់លោកយាយ ត្រូវបានធ្វើ បន្ទាប់ពីគាត់បានស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា​ លោកយាយរូបនេះគឺជាស្រុកនៃខេត្ត Kanagawa ក្បែរទីក្រុងតូក្យូ ហើយគាត់គឺជាម្ដាយក្មេក របស់អ្នកបើកតាក់ស៊ី ដែលទើបតែឆ្លងវីរុសថ្មីនេះផងដែរ។ មន្ត្រីក្រសួងសុខាភិបាលបានបដិសេធ មិនបញ្ជាក់ជាផ្លូវការ នូវទំនាក់ទំនងរបស់ពួកគាត់ទាំងពីរ តាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ។
លោក Katsunobu Kato
ក្រុមអជ្ញាធរក៏បានបញ្ជាក់បន្ថែម ពីករណីឆ្លងពីរបន្ថែមទៀត ទៅលើវេជ្ជបណ្ឌិតម្នាក់អាយុ៥០ឆ្នាំ ដែលធ្វើការនៅមន្ទីរពេទ្យមួយ នៅភាគខាងលិចប្រទេសជប៉ុន និងបុរសម្នាក់ទៀត ដែលមានអាយុ២០ឆ្នាំ ដែលរស់នៅក្នុងខេត្ត Chiba ក្បែរទីក្រុងតូក្យូ។ ហើយពួកគាត់ទាំងពីរនេះ មិនមានកំណត់ត្រានៃការធ្វើដំណើរ ទៅក្រៅប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ឬមានទំនាក់ទំនងជាមួយជនជាតិចិន ដែលនេះអាចជាសញ្ញាបង្ហាញថា វីរុសឆ្លងនេះកំពុងរាលដាល នៅក្នុងប្រទេសជប៉ុន។ នៅព្រឹកថ្ងៃដដែល លោក Kato បាននិយាយថា មានករណីឆ្លងចំនួន៤៤ទៀត នៅលើនាវា Diamond Princess ដែលបានសុំចតនៅក្បែរទីក្រុងតូក្យូ ហើយនៅលើនាវានោះ មានផ្ទុកអ្នកដំណើរនិងសមាជិកនាវិកចំនួន៣,៥០០នាក់។
នាវាDiamond Princess
ឥឡូវនេះ មានមនុស្សផ្ទុកវីរុសថ្មីចំនួន២១៨នាក់ ក្នុងចំណោមមនុស្ស៧១៣នាក់ ដែលបានធ្វើតេស្ត រកវីរុសឆ្លងប្រភេទថ្មី នៅលើនាវាទេសចរណ៍មួយនេះ ដែលបានចតនៅកំពង់ផែ Yokohama តាំងពីថ្ងៃទី៣ ខែកុម្ភៈ។ ហើយវាក៏ជាករណីឆ្លងដ៏ធំបំផុត នៅក្រៅប្រទេសចិនផងដែរ៕